ព័ត៌មានជាតិ June 11, 2025

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រៀមរៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅខេត្តកំពត កៀរគរថវិកាសម្រាប់កុមារនៅកម្ពុជា

Liny Chan

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនដៃគូ រៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងកំពត ខេត្តកំពត ដែលកម្មវិធីរត់កម្សាន្តនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

(រូបតំណាង)

រាល់ថវិកាដែលបានមកពីការលក់សំបុត្រ ចូលរួមរត់កម្សាន្តនេះ ជាថវិកាបរិច្ចាគ មួយរយភាគរយ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។

ការរត់សប្បុរសធម៌នេះ ត្រូវបានកំណត់ឱ្យសាធារណជន ចុះឈ្មោះ ១ពាន់នាក់ ដោយមានការសហការរៀបចំពី ក្រុមរត់ SUSU & KK Running Club។ ទីតាំងរត់ នឹងធ្វើនៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ចាប់ពីម៉ោង ៦ព្រឹកតទៅ។ ការរត់នេះ មានរយៈចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។

បេក្ខភាពដែលបានចុះឈ្មោះរត់ នឹងទទួលបាន អាវរបស់កម្មវិធី ផ្លាកលេខ មេដាយបញ្ចប់ទី កាបូបស្ពាយ និងអាហារសម្រន់ និងភេសជ្ជៈក្រោយការរត់ដោយឥតគិតថ្លៃ ។ចំពោះពានរង្វាន់ គឺមានចំនួន៣០ពានរង្វាន់ សម្រាប់បុរស និងស្រ្តី ដែលរត់បានលេខ១ ដល់លេខ៥។

មូលនិធិគន្ធបុប្ផា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល១ខែ គឺចាប់ថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីកៀរគរថវិកាបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នា ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្នុងការក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

សម្រាប់សាធារណជនដែលចាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/3zLQYpvMXfZEjjLSA ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News