Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តពោធិ៍សាត់ អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន

    BY Liny Chan June 14, 2025
    អភិបាលខេត្តពោធិ៍សាត់ អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន

    (ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបានការចូលរួមពីភ្ញៀវទេសចរជាតិ មកពីរាជធានីភ្នំពេញ ដែលមកដើរលេងកម្សាន្តនៅស្រុកវាលវែង បានចូលមកគោរពបូជា និងសូមបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

    គួរជម្រាបជូនថា នាព្រឹកថ្ងៃនេះលោក ខូយ រីដា នឹងដឹកនាំក្រុមការងារចេញដំណើរ ឆ្ពោះទៅកាន់តំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងខេត្តត្រាត ប្រទេសថៃ ដើម្បីពិនិត្យស្ថានភាពតាម​តំបន់ព្រំដែន និងត្រៀមកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីកន្លែងមានសុវត្ថិភាព ក្នុងករណីចាំបាច់ណាមួយកើតឡើង។

    ការត្រៀមជម្លៀសប្រជាពលរដ្ឋនាពេលនេះ គឺធ្វើឡើងក្រោយពីស្ថានភាពតានតឹង នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ហាក់កើនកម្ដៅ បន្ទាប់ពីកម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅភាគីថៃ តាមការបញ្ជាក់​របស់​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ទាក់ទងនឹងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ដែលកម្ពុជាគ្រោងនឹងរៀបចំឯកសារប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

    យ៉ាងណាមិញចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ នៅតំបន់ឃុំថ្មដាហាក់មិនទាន់មានបញ្ហាធំនៅឡើយទេ នេះដោយសារតែភូមិសាស្ត្ររដ្ឋបាលឃុំថ្មដា អំណោយផលខ្ពស់ ហើយឃុំថ្មដាពុំទាន់មានច្រកតំបន់ ឬច្រកអន្តរជាតិនៅឡើយដែរ ពោលគឺមានតែច្រករបៀង ឬថៃហៅថាច្រកធម្មជាតិនោះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: