Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

    BY Liny Chan June 23, 2025
    ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

    នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

    គណៈកម្មការនេះមានក្រុមការងារចំនួន២ ជាសេនាធិការគឺ៖ (១) ក្រុមការងារកិច្ចការច្បាប់ និង (២)ក្រុមការងារកិច្ចការការទូត។

    ភារកិច្ចសំខាន់ៗរបស់គណៈកម្មការមានដូចជា៖ (១)ពិនិត្យ និងសម្រេច ជ្រើសរើសមេធាវីអន្តរជាតិតាមសំណើក្រុមការងារកិច្ចការច្បាប់ (២)ពិនិត្យ និងសម្រេច លើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់ បញ្ជូនទៅតុលាការ ICJ (៣)ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការទូត (៤) ទំនាក់ទំនងការងារជាមួយតុលាការ ICJ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការបញ្ជូនករណីវិវាទលើ តំបន់ទាំងបួនទៅតុលាការ ICJ និង (៥) ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការICJ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យ រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការ ICJ ។

    នេះជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការនេះ ដើម្បីពិភាក្សាករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី បន្ទាប់ពីត្រូវបាន បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ និងក្រោយពីកម្ពុជា បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទ ព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

    កិច្ចប្រជុំបានផ្លាស់ប្តូរ យោបល់លើបច្ចុប្បន្នភាពការងារដែលបាន និងកំពុងអនុវត្ត ក្នុងដំណើរការនីតិវិធីជាមួយតុលាការ ICJ និងពិភាក្សាអំពីការកំណត់យុទ្ធសាស្ត្រ និងផែនការការងារបន្តទៅមុខ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: