Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីថៃថា កុំនិយាយគុណធម៌ជាមួយសម្តេច ព្រោះលោកស្រីជាក្មេងម្នាក់ ប្រមាថមកលើមនុស្សចាស់

    BY Liny Chan June 27, 2025
    សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីថៃថា កុំនិយាយគុណធម៌ជាមួយសម្តេច ព្រោះលោកស្រីជាក្មេងម្នាក់ ប្រមាថមកលើមនុស្សចាស់

    (ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទៅ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃថា កុំនិយាយរឿងគុណធម៌ជាមួយសម្តេចតទៅទៀត ព្រោះលោកស្រី​គឺជាក្មេងម្នាក់ ដែលបានប្រមាថលើមនុស្សចាស់ នោះគឺសម្តេចដែលជាមេដឹកនាំកំពូលមួយរូប។

    ការលើកឡើងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

    សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់ លោកស្រី ផែថងថាន ដចំពោះសម្តេចកន្លងមក និងលាតត្រដាងអំពីសម្តីរបស់លោកស្រី ដែលបានប្រមាថចំពោះកងទ័ពថៃ ពេលសន្ទនាតាមទូរស័ព្ទជាមួយសម្តេចផងដែរ។ សម្តេចបានលើកឡើងថា ក្នុងនាមមេដឹកនាំ សម្តេចមិនបានបន្ទោសបង្អាប់មន្ត្រីខ្លួនឯងចំពោះមុខបរទេសនោះទេ។

    ទន្ទឹមនឹងនេះ សម្តេចបានលើកឡើងថា៖ «សូមលោកជំទាវកុំនិយាយរឿងបញ្ហាគុណធម៌ជាមួួយខ្ញុំ ក្នុងពេលដែលលោកជំទាវ ជាក្មេងម្នាក់ដែលប្រមាថមនុស្សចាស់»

    សម្តេចបានប​ន្តថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត ជានាយករដ្ឋមន្រ្តី សម្តេចបានទទួលស្គាល់ហើយ ប៉ុន្តែលោកស្រីក៏ត្រូវទទួលស្គាល់ថា សម្តេចក៏ជាមេដឹកនាំនៅក្នុងអំណាចមួយដែរ ដែលសម្តេចមានតួនាទីលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រ។

    ជាមួយគ្នានេះ សម្តេចបានលើកឡើងថា គ្មានច្បាប់ណាដែលហាមឃាត់មិនឱ្យថតសំឡេងនោះទេ ប្រទេសណាក៏ដោយ បើគេទូរស័ព្ទរកគ្នា គេថតទុកសំឡេងហើយ ដើម្បីទុកជាឯកសារ ដែលវាជាផ្នែកមួយនៃឯកសារក្នុងទំនាក់ទំនងជាមួយបរទេស។សម្តេចបានលើកឡើងថា នៅសម័យនេះឱ្យតែប្រើប្រាស់កាប៊ីនបកប្រែ គឺត្រូវបានថតសំឡេងទាំងអស់ ព្រោះមិនអាចកត់ត្រាទាន់នោះទេ។

    យ៉ាងណាមិញ សម្តេចក៏បានបញ្ចួសឱ្យអ្នកដែលចង់ប្តឹងសម្តេចនៅតុលាការប្រទេសថៃ ឱ្យប្តឹងទៅ ដោយសម្តេចមិនខ្លាចនោះទេ ព្រោះសម្តេចនៅកម្ពុជា មិនមែននៅស្រុកថៃនោះឡើយ ហើយតុលាការថៃក៏គ្មានយុត្តាធិការលើសម្តេចដែរ ទោះបីជាប្តឹង៥ពាន់ដងទៀត ក៏សម្តេចមិនខ្លាចដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: