Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មានការលួចបន្លំជាអង្កររបស់កម្ពុជា ដាក់លក់នៅលើផ្សារអនឡាញប្រទេសចិន ដោយមានអក្សរ និងទង់ជាតិថៃ, កម្ពុជាបដិសេធសំបកវេចខ្ចប់មិនមែនជារបស់ខ្លួនឡើយ

    BY Nisaiy KP June 29, 2025
    មានការលួចបន្លំជាអង្កររបស់កម្ពុជា ដាក់លក់នៅលើផ្សារអនឡាញប្រទេសចិន ដោយមានអក្សរ និងទង់ជាតិថៃ, កម្ពុជាបដិសេធសំបកវេចខ្ចប់មិនមែនជារបស់ខ្លួនឡើយ

    (ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មាន ស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។

    សហព័ន្ធបញ្ជាក់ថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។

    សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករ ដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: