ព័ត៌មានជាតិ July 1, 2025

វីដេអូដំរីឡាក់គី រត់តាមម្ចាស់ កំពុងអង្រួនចិត្តអ្នកលេងបណ្ដាញសង្គម

Liny Chan

(តាកែវ)៖ វីដេអូប្រមាណជា២នាទី ដែលបង្ហាញសកម្មភាពដំរីឈ្មោះ ឡាក់គី កំពុងរត់តាមម្ចាស់របស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលជាមន្ត្រីជំនាញថែទាំសត្វនៅភ្នំតាម៉ៅ។

បើតាមកិច្ចសម្ភាសជាមួយកញ្ញា រួម ឆាដា តាមប្រព័ន្ធអនឡាន, លោក ទ្រី ស៊ីថេង បានបញ្ជាក់ថាលោកបានសម្រេចចិត្តលាឈប់ពីការងារដែលលោកស្រឡាញ់ ព្រោះគ្មានជម្រើស។

លោក បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំដាក់ពាក្យលាឈប់ ព្រោះគេឱ្យខ្ញុំបញ្ចប់ការងារជាមួយខាងអង្គការ ហើយទៅបំពេញការងារផ្សេងដែលមិនមែនជាជំនាញរបស់ខ្ញុំ ហើយហាមមិនឱ្យខ្ញុំបានជួបដំរីផង អ៊ីចឹងខ្ញុំសុំឈប់តែម្ដង»

យ៉ាងណាមិញ លោកមិនបានជម្រាបលម្អិតពីហេតុផលនៃការផ្លាស់ប្ដូរតួនាទីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកអាចត្រឡប់មកមើលថែដំរីបានប្រសិនជាក្រុមការងារព្រម តែប្រសិនជាមិនអនុញ្ញាតទេ លោកក៏មិនអាចបំពេញការងារខុសជំនាញរបស់លោកបាននោះដែរ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានវីដេអូមួយបង្ហាញពីសកម្មភាពរបស់ដំរី ឈ្មោះ ឡាក់គី ដែលបានរត់តាមម្ចាស់ឈ្មោះ ទ្រី ស៊ីថេង ដែលលោកបានសម្រេចចិត្តលាឈប់ពីការងារក្រោយមានការផ្លាស់ប្ដូរភារកិច្ចខុសពីជំនាញរបស់លោក។ លោក ទ្រី ស៊ីថេង ជាមន្ត្រីជំនាញថែទាំសត្វ ជាពិសេសសត្វដំរី បានបំពេញការងារនៅសួនសត្វភ្នំតាម៉ៅ តាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News