ព័ត៌មានជាតិ July 1, 2025

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមាន «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣

Liny Chan

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅកាន់ «ថៃ» នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។

ការព្រមានធ្ងន់ៗបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ ពោលគឺគ្រប់យ៉ាងត្រូវរក្សាឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ខ្ញុំសូមប្រកាសឱ្យហើយ កន្លែងតាមាន់ធំជាកន្លែងមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំ៣ យើងទៅរកប្រព័ន្ធតុលការអន្តរជាតិដោះស្រាយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ រក្សាស្ថានភាពដដែល។ ជាឯកតោភាគីហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង បន្ទាត់ក្រហមច្បាស់ ស្មើអ្នកឯងដាក់ច្រកឯកតោភាគីយកអាហ្នឹងទៅហើយ។ ហើយបើសិនជា គេអាចយកកន្លែងហ្នឹងបានជាឯកតោភាគី បានន័យថាយើងទទួលស្គាល់ផែនទីឯកតោភាគី ១/៥០.០០០ របស់ថៃ។

អ៊ីចឹងនៅតាមបណ្ដោយព្រំដែន ៨០០គីឡូម៉ែត្រហ្នឹង កន្លែងណាទៀតដែលគេគូសចូល? អត់ទេ! MOU ឆ្នាំ២០០០ សន្ធិសញ្ញាបារាំង-សៀម, អនុសញ្ញាបារាំង-សៀម ១៩០៤, សន្ធិសញ្ញា ១៩០៧, យកមក! ចង់១/៥០.០០០, ១/១០០.០០០ មួយលើប៉ុន្មានវាអត់សំខាន់ទេ តែត្រូវយកផែនទីដើមហ្នឹងដើម្បីផ្ទេវាមក ១/២០០.០០០ ហ្នឹង ផ្ទេមកផែនទីហ្នឹងបានវាសុក្រឹត។ អ៊ីចឹង សូមបញ្ជាក់ កម្ពុជាចង់បានតែភាពត្រឹមត្រូវ អ្វីដែលស៊ីញ៉េហ្នឹងដៃ យើងអនុវត្តន៍ទៅ កុំស៊ីញ៉េហ្នឹងដៃលុបចោលហ្នឹងជើង»។

ទន្ទឹមគ្នានេះសម្ដេចបានបញ្ជាក់ជំហរថា កម្ពុជារង់ចាំធ្វើកិច្ចការជាមួយភាគីថៃ ដែលមានសិទ្ធិសម្រេចពិតប្រាកដ ហើយរង់ចាំឱ្យភាគីថៃ បើកច្រកព្រំដែនឱ្យដូចប្រក្រតីឡើងវិញជាឯកតោភាគីដោយមិនចាំបាច់ពិភាក្សាឡើយ ឱ្យដូចមុនស្ថានភាពថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នោះកម្ពុជា នឹងបើកឱ្យមានដំណើរការប្រក្រតីឡើងវិញតាមក្រោយ មិនលើសពី៥ម៉ោងនោះទេ។

សូមជម្រាបថា ច្រកព្រំដែនកម្ពុជា-ថៃនៅក្នុងខេត្តទាំង៧ ត្រូវបានបិទជាឯកតោភាគីដោយភាគីថៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥។ យានជំនិះទាំងអស់ត្រូវហាមឃាត់មិនឱ្យចេញ ឬចូលច្រកព្រំដែនកម្ពុជា-ថៃ ខណៈការធ្វើដំណើរទាំងអស់ រួមទាំងភ្ញៀវទេសចរ និងពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានហាមឃាត់ លើកលែងតែសិស្សសាលា អ្នកជំងឺ ឬសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News