Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ៣.៤២ លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២៥ កើនឡើង ១៦%

    BY Liny Chan July 5, 2025
    កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ៣.៤២ លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២៥ កើនឡើង ១៦%

    (ភ្នំពេញ)៖ ទិន្នន័យដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៥នេះ មានអ្នកដំណើរតាមផ្លូវអាកាស (ទ្វេទិស) មានប្រមាណ ៣.៤២ លាននាក់ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា មានកំណើន១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤។

    លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លើកឡើងពីកត្តាធំៗចំនួន៣​ ដែលជំរុញឱ្យមានកំណើនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសកម្ពុជា ជួយជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច។

    កត្តាទាំងបីនោះរួមមាន៖ ទី១-ការងើបឡើងវិញយ៉ាងខ្លាំង នៃចំនួនអ្នកទេសចររបស់ប្រទេសចិន ដែលធ្វើដំណើរចេញក្រៅប្រទេស។ ទី២-និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាស ក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន។ល។ និងទី៣- ការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។

    បើតាមអ្នកនាំពាក្យដដែលរូបនេះ ប្រទេសដែលរួមចំណែកច្រើនជាងគេ នៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជា​ រួមមាន៖ ចិន ថៃ វៀតណាម កូរ៉េ ជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប។

    ដោយឡែកសម្រាប់អ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុកវិញ ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២៥នេះ មានអ្នកចំនួន ៦៨ម៉ឺននាក់។

    គួររំលឹកថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើងជាង២២% បើធៀបនឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើងជាង១៤%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: