ព័ត៌មានជាតិ July 7, 2025

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគី

Liny Chan

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យភាគីថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគី។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើការបំភ្លឺ៣ចំណុច លើបញ្ហានេះដូចតទៅ៖

១៖ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០។ ការប្រតិបត្តិរបស់កម្ពុជាពាក់ពន្ធ័នឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

២៖ ការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្ដងហើយម្ដងទៀតក្នុងការបំពេញកាតព្វកិច្ចស្នូលរបស់ខ្លួនក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជា និងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា។ ទង្វើទាំងនេះគឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណងកាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។

៣៖ ការសម្រេចរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋានច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌដែលបានឯកភាពគ្នាសម្រាប់ការងារខណ្ឌសីមាព្រំដែនរួម។ តុលាការយុត្តិធម៌អន្តរជាតិ ដែលជា ស្ថាប័នតុលាការស្នួលរបស់អង្គការសហប្រជាជាតិ គឺជាវេទិកាដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ការវិនិច្ឆ័យលើវិវាទផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេសលើករណីដែលយន្តការទ្វេភាគីបានជាប់គាំដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU 2000 ដោយភាគីម្ខាង។

ហេតុនេះ កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុង MOU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួមដោយស្ថាបនាក្នុងការដោះស្រាយ វិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមានការទទួលស្គាល់ថាជាយន្តការច្បាប់អន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News