ព័ត៌មានជាតិ July 8, 2025

ឆ្លើយតបការភ្ជាប់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេច ស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ស៉ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ

Liny Chan

(ភ្នំពេញ)៖ ឆ្លើយតបការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ ស៉ីន ព្រោះលោកជាមនុស្សដែលស្និទ្ធបំផុតនឹងសម្តេចតេជោ។

ការស្នើនេះ បន្ទាប់ពីតុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះ អ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។ សារព័ត៌មានថៃ បានផ្សាយករណីនេះ ជាមួយការភ្ជាប់នឹងសម្តេចតេជោ ហ៊ុន សែន ដោយអះអាងថា លោក កុក អាន ជាមនុស្សស្និទ្ធនឹងសម្តេចតេជោ។

បញ្ហានេះ លោក ជា ធីរិទ្ធ បានចេញប្រតិកម្មធ្ងន់ៗទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃ ហើយចាត់ទុកថា នេះជាល្បិចព្រោះឈាមរបស់ថៃ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ និងសម្តេចធិបតី អាចកំដរបានជានិច្ច។ អីចឹងរកវិធីថែមទៀតមក ដើម្បីវាយប្រហារកម្ពុជាទៀតមក។ ប៉ុន្តែ ពិភពលោកនេះគេដឹងហើយថា ប្រទេសអ្នកឯង ជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ដូច្នេះខ្ញុំសូមបញ្ជាក់បន្ថែមថា រឿងភ្ជាប់អ្នកស្និទ្ធសម្តេចតេជោ យកល្អបើតុលាការថៃចិត្តសឿង គួរតែចោទប្រកាន់ ថាក់ស៉ីន ព្រោះជាមនុស្សដែលស្និទបំផុតជាមួយសម្តេចតេជោ ជាមនុស្សដែលត្រូវបានសម្តេចតេជោ ចិញ្ចឹម សម្តេចតេជោ ចិញ្ចឹមគ្រួសារ ថាក់ស៉ីន មួយពូជ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News