Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    BY Liny Chan July 8, 2025
    កម្ពុជា ស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    (ភ្នំពេញ)៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

    អ្នកនាំពាក្យក្រសួងវប្បធម៌ បានលើកឡើងចំនួន៦ចំណុច ដូចខាងក្រោម៖

    * ១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។

    * ២៖ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។

    * ៣៖ គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។

    * ៤៖ សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។

    * ៥៖ «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង ដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។

    * ៦៖ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: