Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ស្ពឺ បដិសេធចំពោះការចោទប្រកាន់ករណីកាត់ឆ្វៀលដី នៅតំបន់ភ្នំឱរ៉ាល់

    BY Liny Chan July 11, 2025
    រដ្ឋបាលខេត្តកំពង់ស្ពឺ បដិសេធចំពោះការចោទប្រកាន់ករណីកាត់ឆ្វៀលដី នៅតំបន់ភ្នំឱរ៉ាល់

    (ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ពាក់ព័ន្ធការកាត់ឆ្វៀលដីនៅតំបន់ភ្នំឱរ៉ាល់។

    default

    រដ្ឋបាលខេត្តកំពង់ស្ពឺ បានបដិសេធចំពោះការបង្ហោះព័ត៌មានគ្មានមូលដ្ឋាន ត្រឹមត្រូវច្បាស់លាស់ ក្នុងន័យបំភ្លឺបំផ្លើស បង្អួចបង្កាច់ ចេតនាញុះញង់ បង្កប់នូវគំនិតទុច្ចរិត ធ្វើឱ្យសាធារណមតិ មានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មកលើថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អនុវត្តកិច្ចការងារ យ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច ខេត្តកំពង់ស្ពឺ។

    ក្នុងន័យនេះ ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិរក្សតំបន់សហគមន៍ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ តាមរយៈការផ្សព្វផ្សាយច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ ព្រមទាំង ពិនិត្យដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបានផ្ដល់លទ្ធភាពចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបាន កាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ឲ្យទទួលបានដីសម្រាប់បង្កបង្កើនផល លើកកម្ពស់កម្រិតជីវភាព របស់ ប្រជាពលរដ្ឋ ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃ និងអភិវឌ្ឍន៍ដោយ ចីរភាពដល់ប្រជាពលរដ្ឋ។ ទន្ទឹងនឹងនេះ រដ្ឋបាលខេត្តនឹងបន្តចាត់វិធានការចំពោះបុគ្គលទាំងឡាយណាដែលរុករាន ទន្ទ្រានដីសាធារណៈរបស់រដ្ឋ។

    រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការផ្សព្វផ្សាយរាល់ព័ត៌មានទាំងឡាយ ត្រូវផ្អែកលើទិដ្ឋភាពច្បាប់ ធ្វើជាមូលដ្ឋានច្បាស់លាស់ ជៀសវាងកុំឱ្យសាធារណជន មានការភាន់ច្រឡំ ឬខុស ពីការពិតដោយគ្មានទឡឹករណ៍ ផ្សារភ្ជាប់ជាមួយនឹងបទដ្ឋានគតិយុត្ត ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន និងស្នើឲ្យធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយឡើងវិញជាដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: