ព័ត៌មានជាតិ July 15, 2025

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កោះហៅម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថតក្បួនរថយន្តប្រតិភូ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ចូលខ្លួនមកបំភ្លឺ

Liny Chan


(ខេត្តកណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កោះហៅម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថតក្បួនរថយន្ត ប្រតិភូ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ឱ្យចូលខ្លួនមកបំភ្លឺ និងធ្វើវីដេអូសុំទោស។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ សុំទោសចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល