ព័ត៌មានជាតិ July 15, 2025

ទាហានថៃរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុធឡើយ

Liny Chan

(ឧត្តរមានជ័យ)៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍។

ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ។

សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមកទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជារក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News