នាយករដ្ឋមន្រ្តីបារាំង ចង់លុបចោលថ្ងៃឈប់សម្រាក ២ថ្ងៃ និងផ្អាកការចំណាយមួយចំនួន ដើម្បីប៉ះប៉ូវថវិការដ្ឋ
(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានស្នើឱ្យលុបចោលថ្ងៃឈប់សម្រាកចំនួន ២ថ្ងៃ និងបង្កកការចំណាយសាធារណៈភាគច្រើននៃកញ្ចប់ថវិកា ៤៣.៨ពាន់លានអឺរ៉ូ ឬ ៥០.៨៨ពាន់លានដុល្លារ ដែលប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ផែនការរបស់ លោក Bayrou គឺនឹងបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម ដាក់កម្រិតការបង់ពន្ធនៅឆ្នាំ ២០២៦ ឱ្យដូចឆ្នាំ ២០២៥ ដោយមិនធ្វើការកែសម្រួលទោះបីជាមានអតិផរណា។ ប៉ុន្តែការចំណាយលើវិស័យការពារជាតិ នឹងកើនឡើង។ ការបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម នឹងទំនងជាមិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតភាគច្រើន ដូចការលុបចោលថ្ងៃឈប់សម្រាកនោះទេ។
ក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងទៅកាន់ក្រុមអ្នកកាសែត និងជាមួយសមាជិកសភា ក៏ដូចជាបណ្តារដ្ឋមន្ត្រីបារាំង លោក Bayrou បានព្រមានថា បំណុលសាធារណៈគឺជាគ្រោះថ្នាក់ដល់ជីវិត សម្រាប់ប្រទេសបារាំង ហើយចាំបាច់ត្រូវដោះស្រាយ។ តាមលោក Bayrou មានថ្ងៃឈប់សម្រាកច្រើនពេកនៅក្នុងខែឧសភា ហើយពលរដ្ឋត្រូវតែត្រឡប់ទៅធ្វើការវិញនៅក្នុងខែនោះ មានន័យថា នឹងមានប្រាក់ចំណូលបន្ថែមចូលរដ្ឋ ពីព្រោះគ្រប់គ្នាធ្វើការច្រើន និងមានផលិតភាពកាន់តែច្រើន។
គួរបញ្ជាក់ថា ឱនភាពថវិការបស់បារាំង បានកើនឡើងដល់ ៥.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំ ២០២៤ ដោយសារតែវិបត្តិនយោបាយនាំឱ្យរដ្ឋាភិបាលជាប់គាំង ៤លើក និងមិនអាចទប់ទល់ចំពោះការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ រួមទាំងការកើនឡើងនូវការចំណាយ ចូលដល់ឆ្នាំទីពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


