ព័ត៌មានជាតិ July 21, 2025

មេស៉ីម៉ាក់កម្ពុជា៖ កម្ពុជាជារដ្ឋសមាជិកសកម្ម នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា, គិតមកដល់ពេលនេះបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង ១.២លានគ្រាប់

Liny Chan

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។

បើតាមលោក ហេង​ រតនា, កម្ពុជាបានបញ្ជាក់ថា​ គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណ៤-​៦លានគ្រាប់​ ហើយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់​ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។

ការចេញមកបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តន៍អនុសញ្ញាមីនអន្តរជាតិអូតាវ៉ារបស់មេស៉ីម៉ាក់កម្ពុជា ត្រូវបានគេដឹងថា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមមន្ត្រីថៃ ដែលគំរាមប្តឹងកម្ពុជា ទៅអង្គកាសហប្រជាជាតិ (UN) ដែលចោទកម្ពុជាថា បំពានអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ ក្រោយពេលទាហានថៃ ៣រូបជាន់មីនផ្ទុះនៅតំបន់ព្រំដែន។

មេស៉ីម៉ាក់រូបនេះបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ​ កម្ពុជា​បានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។ លោកលើកឡើងថា ក្នុងអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ ​ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥​ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា៖

១.​ រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស នៅក្នុងទីតាំងមានមីន ស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំ បន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

២.​ រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថា មានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀត នៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិល ពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះ ត្រូវបានកម្ទេចចោល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News