ព័ត៌មានជាតិ July 27, 2025

ថ្ងៃទី៤ នៃសង្គ្រាមថៃឈ្លានពានកម្ពុជា! ថៃ បន្តបា.ញ់ចូលទឹកដីកម្ពុជា ខណៈខ្លួនព្រមព្រៀងឲ្យមាន «បទឈប់បា.ញ់» តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក

Nisaiy KP

(ភ្នំពេញ)៖ បើទោះបីជាថៃឯកភាពឲ្យមាន «បទឈប់បាញ់» តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងណាក្ដី ប៉ុន្តែទាហានថៃនៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយគ្មានញញើតដៃ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា តាមរយៈសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មកទល់ម៉ោងនេះគឺជាថ្ងៃទី៤ ដែលទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជាទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេសគ្រាប់ចង្កោម ដោយគ្មានញញើតនៃច្បាប់អន្តរជាតិ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ទាហានថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជា យ៉ាងកំរោល និងគ្មានញញើតនៃច្បាប់អន្តរជាតិ​ ទង្វើយ៉ាងគគ្លើននេះបានពង្រីកដល់ដែនដែនអធិបតេយ្យភាពកម្ពុជា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកទល់ពេលនេះ គឺជាថ្ងៃទី៤ហើយ»។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, តំបន់នៃការរំលោភបំពានបានកើនដោយសារជម្លោះព្រំដែន​ ការគម្រាមកំហែង ការដាក់សម្ពាធ និងការការចល័តនូវសព្វាវុធផងដែរ។ ចំនួននៃការរំលោភបំពាន ពីសំណាក់ភាគីថៃទាំងទទឹងទិស និងមិនរើសទីតាំង មិនរើសគោលដៅ បានបង្កវិនាសកម្មជាច្រើនជារៀងរាល់ថ្ងៃ ដោយបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធដល់ជនស៊ីវិល ក្នុងនោះរួមទាំង វត្តអារាម មណ្ឌលសុខភាព ស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារ ភូនិដ្ឋាន និងប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោក និងបង្កវិនាសសកម្មដល់ជនស៊ីវិល មានស្រ្តី និងកុមារ និងជនចាស់ជរាផងដែរ។

សម្រាប់ការវិវត្តន៍នៃសភាពការណ៍ នៃការប្រយុទ្ធគ្នា និងការបាញ់ប្រហារពីភាគីថៃមកលើកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក បានឲ្យដឹងថា ចាប់តាំងពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយុទ្ធភូមិភាគទី៤ គឺម៉ោង៥ព្រឹក ថៃបានចាប់ផ្ដើមវាយ នៅតំបន់ជាំតែ បុស្បូវ ដែលឃើញថាមានការបាញ់បន្តបន្ទាប់។

លោកស្រី ឧត្តមសេនីយ៍ឯក បន្ថែមថា នៅក្នុងទីតាំងផ្សេងៗ នៅក្នុងភូមិសាស្រ្តមួយចំនួន នៅយុទ្ធភូមិភាគទី៤ យន្តហោះថៃបានទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅតាមផ្លូវឡើងទៅប្រាសាទព្រះវិហារ និងម៉ោង១១៖៥៦នាទី យន្តហោះថៃបានទម្លាក់គ្រាប់បែកចង្កោម នៅភ្នំខ្មោច រហូតមកដល់ ម៉ោង២៖៣០នាទី ថៃបានប្រើរថក្រោះមកវាយនៅតំបន់វាលឥន្ទ្រី។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា សភាពការណ៍អាចរាប់ថយចុះមកវិញ រហូតដល់ម៉ោង២២៖០០យប់ ទើបទាហានថៃចាប់ផ្ដើមវាយប្រហារជាថ្មីមកលើកម្ពុជា ក្នុងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយ

* ម៉ោង ២រំលងអធ្រាត្រ ថៃ បានផ្លោងទៅកាន់តំបន់វាលឥន្ទ្រី

* ម៉ោង ២៖៣០នាទីព្រឹក ថៃ បានវាយផ្លោងដាក់នៅតំបន់តាថាវ និងភ្នំខ្មោច ដោយដ្រូនសំកាំងជាប្រចាំ

* ម៉ោង ៤៖៥០នាទីព្រឹក ថៃបានចាប់ផ្ដើមវាយប្រហារ ដោយបាញ់កាំភ្លើងធំចូលប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី

* ម៉ោង ៦៖០០នាទីព្រឹក ថៃបានចាប់ផ្ដើមវាយថ្មើជើងបន្ថែមទៀតចូលភ្នំខ្មោច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News