អ្នកនាំពាក្យការពារជាតិ៖ ៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ស្មើ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និងកុមារ១៣ម៉ឺននាក់ មិនអាចសិក្សារៀនសូត្របាន
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និងកុមារ១៣ម៉ឺននាក់ មិនអាចសិក្សាបាន។

លោកស្រី បានមានប្រសាសន៍ថា សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។
«រយៈពេល៤ថ្ងៃ នៃការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា យើងឃើញថា ស្ថានភាពជនភៀសសឹក បានធ្វើការផ្លាស់ប្តូរទីលំនៅ និងរងរបួស មានការកើនឡើង ក្នុងនោះចំពោះតួលេខជនភៀសសឹកទាំង៣ខេត្ត គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ កើនឡើងរហូតដល់ ២៥ពាន់គ្រួសារ និងចំនួន ៨ម៉ឺននាក់»។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។
លោកស្រីឧត្តមសេនីយ៍ឯក បានបន្តថា គិតត្រឹមត្រឹមម៉ោង១២ម្សិលមិញនេះ គឺសាលារៀនចំនួន ៥៣៦កន្លែង ក្នុងចំណោម១៤ស្រុក នៃខេត្តទាំង៥ ដែលរងផលប៉ះពាល់ គឺមានសិស្សចំនួន ១៣ម៉ឺននាក់ ដែលរងផលប៉ះពាល់នៃការគំរាមកំហែង ការវាយប្រហារ ទន្ទ្រានឈ្លានពានរបស់ភាគីថៃ ដែលធ្វើឱ្យសិស្ស១៣ម៉ឺននាក់ មិនអាចទទួលបានការសិក្សាដូចស្ថានភាពដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




