សម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ
(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងនៅលើបណ្តាញសង្គម៖ ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖
ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណា យកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។
ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។
ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្ម ក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews




