អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អំពាវនាវថៃ ធ្វើឱ្យស៉ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងការបង្ករឿង ហើយគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍មនុស្សធម៌
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានអំពាវនាវឱ្យភាគិថៃ ធ្វើឱ្យស៉ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងការបង្ករឿង ហើយគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍មនុស្សធម៌ ហើយសូមឱ្យដោះលែងយោធាកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងបែបនេះ បន្ទាប់ពីក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អំពាវនាវឲ្យមានកិច្ចចរចា។
ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «ឮលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «ជាការឆ្លើយតបនឹងក្រសួងការបរទេសថៃ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ពិសេសការអំពាវនាវរបស់ក្រសួងការបរទេសថៃឲ្យមានកិច្ចចរចា ក្រសួងការបរទេសកម្ពុជា សូមអះអាងជាថ្មីម្តងទៀត ក្នុងការតាំងចិត្តដោយឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយជាមួយថៃ ដោយសន្តិវិធី ស្របតាមគោលការណ៍អន្តរជាតិ និងបណ្តាគោលការណ៍ដែលមានចែងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០»។
លោកបានបន្តថា «ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមសម្តែងការសោកស្តាយ ដែលការលើកឡើងរបស់ថៃពុំមានសង្គតិភាព ទៅនឹងការពិតដែលបានកើតមានឡើង យើងសុំអំពាវនាវឲ្យភាគីថៃ ធ្វើឲ្យមានភាពស៊ីគ្នារវាងពាក្យសម្តីនិងសកម្មភាពជាក់ស្តែង តាមរយៈការចៀសវាងការបង្ករឿងនូវសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ និងការធានាការប្រព្រឹត្តស្របតាមគោលការណ៍មនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធារបស់កម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអំពាវនាវឱ្យថៃតាំងចិត្តពិតប្រាកដចំពោះដំណោះស្រាយដោយសន្តិវិធី ដោយចូលរួមពិតប្រាកដក្នុងក្របខណ្ឌច្បាប់ ដែលភាគីទាំងពីរព្រមព្រៀងគ្នា ហើយបញ្ឈប់នូវសកម្មភាពឯកតោភាគី ហើយគោរពលើឯកសារដែលព្រមព្រៀងរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា កម្ពុជាបានបង្ហាញសុឆន្ទៈ ក្នុងការចូលរួមចរចាជាមួយភាគីថៃ កម្ពុជាបានចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តបទឈប់បាញ់។ កម្ពុជាត្រៀមខ្លួនដើម្បីធ្វើការជិតស្និទ្ធជាមួយថៃ និងដៃគូអន្តរជាំតិនានា ដើម្បីធានាបាននូវដំណោះស្រាយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថិរ សម្រាប់ប្រជាជាតិទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

