ព័ត៌មានជាតិ August 17, 2025

លោកស្រី លីម ដារ៉ែន ជួនណារិន្ទ និងអ្នកឧកញ៉ា អ៊ូ ឆាយ នាំអំណោយជាម៉ូតូ និង Power Bank ប្រគល់ជូនកម្លាំងប្រដាប់អាវុធជួរមុខ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ

Nisaiy KP

(ភ្នំពេញ)៖ លោកស្រី លីម ដារ៉ែន ជួនណារិន្ទ និងអ្នកឧកញ៉ា អ៊ូ ឆាយ និងលោកភរិយា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នឹងនាំយកអំណោយផ្ទាល់ខ្លួនជាមធ្យោបាយ និងសម្ភារមួយចំនួន ដើម្បីប្រគល់ជូនដល់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលទិសភូមិភាគ៤ ខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សម្រាប់ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តចំពោះកងកម្លាំងជួរមុខកំពុងបំពេញបេសកម្មការងារដ៏ដុង្គឧត្តម ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

* មធ្យោបាយ និងសម្ភារប្រគល់ជូននាយឧត្តមសេនីយ៍ ខេង សុមេធ រួមមាន ម៉ូតូចំនួន១០គ្រឿង, Power Bank ចំនួន១០០ដុំ និងទឹកបរិសុទ្ធចំនួន១,០០០កេស។
* មធ្យោបាយ និងសម្ភារប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក រួមមាន ម៉ូតូចំនួន១០គ្រឿង និង Power Bank ចំនួន១០០ដុំ។

សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកស្រី លឹម ដារ៉េន ជួនណារិន្ទ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភសម្ភារ គ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅសមរភូមិមុខ ពោលជាបន្ដបន្ទាប់គឺលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី តែងផ្ដល់ជូនជាបន្ដបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews