អគ្គនាយកស៉ីម៉ាក់កម្ពុជា បង្ហាញពីលក្ខខណ្ឌបច្ចេកទេសបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់លើតុបង្ហាញប្រតិភូបរទេស ចោទកងទ័ពកម្ពុជាដាក់ គឺជា «គ្រាប់មីនសម្តែង» !
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) ដែលជាស្ថាប័នមានអាយុកាលជាង ៣៣ឆ្នាំ ធ្វើការងារលើវិស័យមីន បានបង្ហាញពីលក្ខខណ្ឌបច្ចេកទេស ដែលអាចបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញឱ្យប្រតិភូបរទេសពិនិត្យដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង។

ពន្យល់តាមលក្ខណៈបច្ចេកទេស ដោយមានភ្ជាប់រូបភាពប្រៀបធៀមរវាងគ្រាប់មីន PMN-2 ដែលអង្គភាពស៉ីម៉ាក់ ធ្លាប់ដោះបាននាពេលកន្លងមក និងគ្រាប់មីនដែលថៃ ដាក់បង្ហាញលើតុ អគ្គនាយកស៉ីម៉ាក់រូបនេះបានបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី និងចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតា និងបច្ចេកទេស ប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ»។
លោក ហេង រតនា បានបញ្ជាក់ដូច្នេះថា «គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីន PMN-2 សំដែង និងគ្រាប់មីន PMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង! គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដីនិងចោទថា កងទ័ពកម្ពុជាដាក់ ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ! តាមធម្មតា និងបច្ចេកទេស ប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ!។
Just to let everybody knows that PMN-2 landmines which Thailand accused that laid by Cambodian armed forces in Thai’s territory all of them are unarmed.! If these PMN-2 landmines were laid aiming to cause incidents “arming pin” must be removed for the mine to become armed and functional.»។
សូមជម្រាបថា ក្នុងរយៈពេល ៣៣ឆ្នាំមកនេះ ស៉ីម៉ាក់បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។
ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






