លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការិនីល្បីៗរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street)
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីល្បីៗរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ(Walk Street) រាជធានីភ្នំពេញនារាត្រី ថ្ងៃទី៣០ និងទី៣១ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះក្នុងគោលបំណង ទី១- ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗជាវីរកងទ័ពជួរមុខ និងជនភៀសសឹក ទី២- ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈ វប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យបានឃើញបានដឹងផ្ទាល់នៅwalk street រាជធានីភ្នំពេញ ជាការបង្កើនសេដ្ឋកិច្ចមួយផងដែរ ដែលសមាគមសិល្បករខ្មែរបានព្រាងទុក។
លោកជំទាវអ្នកឧកញ៉ាបន្ថែមថា ក្នុងនាមតំណាងឱ្យក្រុមហ៊ុនហ៊ុនរ៉ូយ៉ាល់គ្រុប និងតំណាងឱ្យសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលមានការជឿជាក់លើលោកជំទាវអ្នកឧកញ៉ា បានយកអំណោយជាសម្ភារៈ គ្រឿងឧបភោគ-បរិភោគ រួមទាំងថវិកាទាំងអស់ជូនដល់ដៃជនភៀសសឹក និងយោធិនរងរបួសដោយផ្ទាល់។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណទាំងក្នុង និងក្រៅប្រទេសដែលសុទ្ធសឹងតែជាសប្បុរសជន សូមមានសុខភាពល្អ និងបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ឃុំគ្រងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អទទួលបានជ័យជម្នះ និងកម្ពុជាទទួលបានសុខសន្តិភាព នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ ចាប់ពីម៉ោង៦តទៅ បងប្អូននឹងបានជួបជាមួយសិល្បករល្បីៗ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ពិសេសដើម្បីរួមគ្នាផ្តល់ភាពរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈកម្មវិធីតន្ត្រីសប្បុរសធម៌ របស់សមាគមសិល្បករខ្មែរ រយៈពេល២ថ្ងៃជាប់គ្នា ថ្ងៃទី៣០-៣១ សីហា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Freshnews















