Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី

    BY Nisaiy KP August 31, 2025
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី

    (ចិន)៖ នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

    សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃបូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។

    សូមបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ជាធនគារមួយដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង។ ប្រទេសចិនបានប្រកាសអំពីផែនការបង្កើតធនគារនេះ នៅខែតុលា ឆ្នាំ២០១៣។ ដោយមើលឃើញពីសារសំខាន់របស់ធនាគារនេះ នៅខែតុលា ឆ្នាំ២០១៤ ប្រទេសអាស៊ីចំនួន២១ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតធនាគារនេះ។ ភាពអស្ចារ្យរបស់ធនាគារ AIIB ត្រូវបានប្រទេសជាច្រើនមើលឃើញ និង ឈានដល់មានចំនួនសមាជិកស្ថាបនិករហូតដល់ ៥៧ប្រទេស នៅត្រឹមតែខែមេសា ឆ្នាំ២០១៥ ។ ធនាគារនេះ មានការិយាល័យកណ្តាលនៅទីក្រុងប៉េកាំង ដោយសារប្រទេសចិនមានភាគហ៊ុនធំជាងគេ ក្នុងចំណោមដើមទុនដំបូង ១០០ពាន់លានដុល្លារអាមេរិក។

    ធនាគារនេះផ្តោតយកចិត្តទុកដាក់លើការផ្តល់ហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពផ្សេងៗទៀត ក្នុងទ្វីបអាស៊ី រួមមានវិស័យអគ្គិសនី វិស័យដឹកជញ្ជូននិងទូរគមនាគមន៍ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងកសិកម្ម វិស័យផ្គត់ផ្គង់ទឹកនិងអនាម័យ វិស័យការពារបរិស្ថាន វិស័យអភិវឌ្ឍន៍ទីក្រុងនិងឡូជីស្ទឹក និងវិស័យដទៃទៀត។ គោលបំណងរបស់ធនាគារ AIIB គឺដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បង្កើតធនធាន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងទ្វីបអាស៊ី តាមរយៈការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផលិតភាពដទៃទៀត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកការអភិវឌ្ឍ តាមរយៈការធ្វើការងារក្នុងកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគីដទៃទៀត។

    ធនាគារ AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីបែបថ្មីនៅក្នុងសតវត្សទី២១ ដែលបានចូលរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃសកលលោក។ ប្រទេសចិនរំពឹងទុកធ្វើការជាមួយគ្រប់ភាគី ដើម្បីគាំទ្រឱ្យធនាគារ AIIB ទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ក្នុងន័យជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។

    មកដល់​ពេលបច្ចុប្បន្ននេះ​ ធនាគារ AIIB បានអនុម័តគម្រោងចំនួន៣១៩ ជាមួយទំហំ​ ហិរញ្ញប្បទានសរុបជាង ៦០ពាន់លានដុល្លារ និងចំណាយ​ដើមទុនលើសពី​ ២០០ ពាន់លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ដល់សមាជិក​ចំនួន៣៨ ទាំងនៅក្នុង និងនៅក្រៅតំបន់​អាស៊ី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: