ព័ត៌មានជាតិ September 6, 2025

រដ្ឋបាលខេត្ដស្ទឹងត្រែង បដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា មានការលួចដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីថៃឆ្លងកាត់ឡាវ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល

Nisaiy KP

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្ដស្ទឹងត្រែង បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយថា មានការលួចលាក់ដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីថៃឆ្លងកាត់ឡាវ ចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន បានឲ្យដឹងថា មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្ត សូមធ្វើការបំភ្លឺចំពោះករណីដែលគេហទំព័រ CNM TVNews និងបណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនទៀត បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា មានការលួចលាក់ដឹកសត្វគោក្របី ជ្រូកកណ្តុរ ពពែ ពីប្រទេសថៃឆ្លងកាត់តាមប្រទេសឡាវ ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង។

ជុំវិញករណីនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបបញ្ជាក់ជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបថា ការចុះផ្សាយនោះ គឺជាការប្រឌិតព័ត៌មានទាំងស្រុង និងខ្វះវិជ្ជាជីវៈព័ត៌មានសុទ្ធសាធ។

រដ្ឋបាលខេត្ដស្ទឹងត្រែង សូមបញ្ជាក់ជូនថា ការដឹកជញ្ជូនសត្វចិញ្ចឹមចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀលក្នុង ខេត្តស្ទឹងត្រែង គឺមានសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ផ្នែក ដើម្បីធ្វើការ ត្រួតពិនិត្យត្រឹមត្រូវ តាមគោលការណ៍ច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយការដឹកជញ្ជូនសត្វចិញ្ចឹមនោះទៀតសោត គឺមានតែសត្វគោក្របី ដែលជាផលិតកម្មនៅក្នុងប្រទេសឡាវប៉ុណ្ណោះ ដោយ ក្រុមហ៊ុនធ្វើពាណិជ្ជកម្មត្រឹមត្រូវ និងស្របច្បាប់ជាមួយប្រទេសឡាវ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ឆ្ពោះទៅកាន់ប្រទេសទីបី ពុំមានការដឹកជញ្ជូនសត្វចិញ្ចឹមទាំងនោះមកពីប្រទេស ថៃចូលមកប្រទេសកម្ពុជា ដូចការចុះផ្សាយខាងលើនោះឡើយ។

រដ្ឋបាលខេត្ដស្ទឹងត្រែង សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះការចុះផ្សាយដោយគ្មានក្រមសីលធម៌ វិជ្ជាជីវៈរបស់គេហទំព័រ CNM TVNews ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នសាធារណៈ និងអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដស្ទឹងត្រែង សូមអំពាវនាវដល់គ្រប់ផ្នែក មានសមត្ថកិច្ច មេត្តាពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះអង្គភាពសារព័ត៌មាននោះតាមច្បាប់ នីតិវិធីនិងគោលការណ៍ជាធរមាន ដើម្បីលើកស្ទួយវិស័យសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការ រួមចំណែកកសាងសង្គម និងអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់។

ជាមួយគ្នានេះ ក្រុមអាជីវករនៅខេត្តកណ្តាល ដែលរកស៊ីទទួលទិញលក់សត្វពពែពីបងប្អូនប្រជាពលរដ្ឋក្នុងស្រុក ក៏បានច្រានចោលការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម និងសារព័ត៌មានមួយនេះ ដែលចោទថា ពួកគាត់បាន នាំចូលសត្វពពែ និងជ្រូកកណ្ដុរ ពីប្រទេសថៃចូលតាម ច្រកប្រទេសឡាវ តែតាមការពិតពួកគាត់រកស៊ី និងទិញពពែពីពលរដ្ឋក្នុងស្រុកយើងតែប៉ុណ្ណោះ មិនមានការនាំចូលពីក្រៅឡើយ។

ពួកគាត់ក៏បានច្រានចោលផងថា ការផ្សាយចោទថា ពួកគាត់បានសូកប៉ាន់មន្ត្រីពេទ្យសត្វ១ក្បាល ១ម៉ឺនរៀលក៏មិនការពិតនោះដែរ។ ថ្លែងមកកាន់ភ្នាក់ងារព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអាជីវករ បានចាត់ទុកថា ការចោទប្រកាន់នេះ ជាការបង្កើតព័ត៌មានបំភ្លៃ បំផ្លើសការពិត និងមួលបង្កាច់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews