អ្នកនាំពាក្យ៖ ជើងហោះហើរពីអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកភ្នំពេញ ជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មករាធានីភ្នំពេញ គឺជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល។

ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោង និងមាន ៤ជើង ក្នុងមួយសប្តាហ៍។
នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។
ការទទួលស្វាគមន៍ការមកដល់នៃអ្នកដំណើរ និងជើងហោះហើររបស់ក្រុមហ៊ុន Etihad Airways មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៉ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
នាឱកាសនោះ អ្នកនាំពាក្យ ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «Etihad នេះ គាត់ហោះពីក្រុងអាប៊ូដាប៊ីមកភ្នំពេញតែម្តង អត់ចុះចតនៅប្រទេសកណ្តាលទេ។ នេះជាការហោះហើរប្រវត្តិសាស្ត្រ»។
លោកបានបន្តថា ការហោះហើរពីមជ្ឈិមបូព៌ាមកកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ច្រើនកំពុងដំណើរការ ប៉ុន្តែមានតែក្រុមហ៊ុនអាកាសចរណ៍ Etihad មួយគត់ ដែលបង្កើតជាប្រវត្តិសាស្ត្របែបនេះ។
សូមជម្រាបថា កាលវិភាគហោះហើរពី AUH មក KTI គឺជើងហោះហើរ EY0434 រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ខណៈម៉ោងចេញដំណើរ ២០៖៤៥ ទៅដល់ម៉ោង ០៦៖៥៥ (+១)។ ចំណែកកាលវិភាគហោះហើរពី KTI ទៅ AUH គឺជើងហោះហើរ EY0435 រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ខណៈម៉ោងចេញដំណើរ ០៧៖៤៥ មកដល់ម៉ោង ១២៖៤៥។
ក្រុមហ៊ុន Etihad Airways (Cambodia) បានចាត់ទុកថា ផ្លូវហោះហើរថ្មីនេះជួយបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើអាជីវកម្ម និងការកម្សាន្ត បើកទ្វារទៅកាន់ឱកាសថ្មីៗនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews









