ព័ត៌មានជាតិ October 5, 2025

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

Nisaiy KP

(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

ជើងហោះហើរត្រង់នេះ ជាមួយនឹងអ្នកដំណើរសរុបចំនួន ១៥៤នាក់ ដោយចំណាយពេលហោះហើរជាង ៧ម៉ោងមិនឈប់ (Direct Flight) ហើយជើងហោះហើរនេះមានចំនួន ៤ជើង ក្នុងមួយសប្តាហ៍។

សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។

រដ្ឋមន្ត្រី ហួត ហាក់ បន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបានអ្នកដំណើរសរុបចំនួន ១៥៤នាក់ និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញចំនួន ៩០នាក់ ដែលចំណាយពេលជាង ៧ម៉ោងមិនឈប់ ហើយជើងហោះហើរនេះមាន ៤ជើង ក្នុងមួយសប្តាហ៍៕ ផ្ដល់សិទ្ធិដោយ៖ Freshnews