Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទីភ្នាក់ងារទេសចរណ៍អនឡាញខ្នាតយក្សរបស់ឥណ្ឌូនេស៉ី ចង់ពង្រីកអាជីវកម្មនៅកម្ពុជា និងឡាវ

    BY Nisaiy KP October 19, 2025
    ទីភ្នាក់ងារទេសចរណ៍អនឡាញខ្នាតយក្សរបស់ឥណ្ឌូនេស៉ី ចង់ពង្រីកអាជីវកម្មនៅកម្ពុជា និងឡាវ

    (ហ្សាការតា)៖ tiket.com ដែលជាទីភ្នាក់ងារទេសចរណ៍អនឡាញឈានមុខគេ និងល្បីបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី (OTA) បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសជាមួយប្រទេសកម្ពុជា និងឡាវ។ នេះបើយោងតាមលោក Gaery Undarsa សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារនៃ tiket.com ថ្លែងនៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងហ្សាការតា ក្នុងដំណើរទស្សនកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកម្ពុជា និងឡាវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

    បង្កើតឡើងក្នុងឆ្នាំ២០១១ ticket.com បានរីកចម្រើនពីការចាប់ផ្ដើមអាជីវកម្មតូចមួយ ដែលលក់សំបុត្រសណ្ឋាគារ និងការប្រគំតន្ត្រី ទៅជាវេទិកាទេសចរណ៍ដ៏គួរឱ្យទុកចិត្តបំផុតមួយ របស់អាស៊ីអាគ្នេយ៍ ដែលបម្រើអ្នកប្រើប្រាស់ជាង ៥០លាននាក់។ វាផ្តល់នូវការចូលទៅកាន់ដៃគូក្រុមហ៊ុនអាកាសចរណ៍ចំនួន១១៦, ការស្នាក់នៅ ៣.៦លានកន្លែង និងសកម្មភាពធ្វើដំណើរជាង ៧៧ ០០០។ ក្រុមហ៊ុននេះក៏ជាផ្នែកមួយនៃ Blibli Group ដែលជាប្រព័ន្ធអេកូឌីជីថលដ៏សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនឥណ្ឌូនេស៊ី (IDX: BELI)។

    លោក Gaery Undarsa បានលើកឡើងថា ទាំងប្រទេសកម្ពុជា និងឡាវ បានបង្ហាញពីឱកាសសម្រាប់កំណើនទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។ លោកបានបន្តថា ទីផ្សារទាំងនេះ ផ្តល់ភាពកក់ក្ដៅ និងសក្ដានុពល ស្រដៀងគ្នា ជាមួយអ្នកធ្វើដំណើរឥណ្ឌូនេស៊ី។

    ផែនការពង្រីករបស់ tiket.com រួមមានការបង្កើតភាពជាដៃគូជាមួយ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សណ្ឋាគារ និងវេទិកាទូទាត់ប្រាក់ឌីជីថល ដើម្បីធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងតភ្ជាប់កាន់តែច្រើននៅទូទាំងអាស៊ាន។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយ Accor Group ដែលប្រតិបត្តិការសណ្ឋាគារទាំងក្នុងប្រទេសកម្ពុជា និងឡាវ នាំឱ្យអ្នកប្រើប្រាស់ tiket.com អាចស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាពយ៉ាងងាយស្រួល។

    បើតាម លោក Gaery Undarsa បច្ចុប្បន្ន AirAsia នៅតែជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលផ្តល់ការហោះហើរត្រង់រវាងប្រទេសឥណ្ឌូនេស៊ី និងគោលដៅនៅប្រទេសកម្ពុជា និងឡាវ។ តាមរយៈការសហការជាមួយដៃគូក្នុងតំបន់ tiket.com មានគោលបំណងបើកផ្លូវហោះហើរបន្ថែមទៀត លើកទឹកចិត្តការធ្វើដំណើរឆ្លងព្រំដែន និងរួមចំណែកដល់ការរីកលូតលាស់នៃប្រព័ន្ធអេកូទេសចរណ៍របស់កម្ពុជា និងឡាវ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: