ព័ត៌មានជាតិ October 19, 2025

អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម ត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជា

Nisaiy KP

(វីយែន)៖ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។

នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅទីក្រុងវីយែន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវីយែន លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត ZOU Clyong អគ្គនាយករងនៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម និងជានាយកគ្រប់គ្រងនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងគុណភាពនៅទីស្នាក់ការកណ្តាល UNIDO ក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។

លោកសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ ក៏បានជួបជាមួយនឹងលោកបណ្ឌិត Kai Bethke ប្រធានការិយាល័យគោលនយោបាយ និងបង្កើតគោលនយោបាយនៃនាយកដ្ឋានភាពជាដៃគូសកល និងទំនាក់ទំនងខាងក្រៅ (GLO) ព្រមទាំងបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ពីការិយាល័យភាពប្រកួតប្រជែង គុណភាព និងការបង្កើតការងារនៃសហគ្រាសធុនតូច និងមធ្យមផងដែរ។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួមរបស់ប្រទេសកម្ពុជាក្នុង «កិច្ចប្រជុំកំពូលឧស្សាហកម្មសកល៖ សន្និសីទសាមញ្ញលើកទី២១ របស់អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងឱកាសដែលលោកបណ្ឌិតសភាចារ្យ នឹងអញ្ជើញចូលរួមជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការពិភាក្សានេះ ក៏បានផ្តោតសំខាន់ទៅលើការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការចាកចេញពីប្រទេសដែលមាន ការអភិវឌ្ឍតិចតួច (LDC) នាពេលខាងមុខ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការចាំបាច់ក្នុងការបង្កើនសមត្ថភា និងជំនាញបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារក្នុងវិស័យអាទិភាពសំខាន់ៗ ដែលជាវិស័យស្នូលរបស់ប្រទេសកម្ពុជាមានដូចជា កសិកម្ម ជលផល ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង។

លោកបណ្ឌិតសភាចារ្យ បាន គូសបញ្ជាក់អំពីផលប៉ះពាល់យូរអង្វែងនៃការរាតត្បាតជំងឺកូវីដ-១៩ និងការរំខានព្រំដែនថ្មីៗនេះ លើខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសង្កត់ធ្ងន់អំពីភាពបន្ទាន់ក្នុងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក។ លោកបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមអំពីផលវិបាកនៃការបិទព្រំដែនឯកតោភាគី និងបានអះអាងសារជាថ្មីនូវគោលជំហររបស់កម្ពុជាទៅលើបញ្ហាព្រំដែន ដែលកំពុងបន្តនេះ។

អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍឧស្សាហកម្ម (UNIDO) បានបង្ហាញការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីឱ្យការផ្លាស់ប្តូរនេះទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព តាមរយៈ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យអាទិភាពដូចជា ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម ការកែច្នៃកសិផល និងបច្ចេកវិទ្យាបៃតង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews