ព័ត៌មានជាតិ November 2, 2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបជាមួយប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា ពិភាក្សាពីការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចចីរភាព របស់កាណាដា

Nisaiy KP

(ម៉ុងត្រេអាល់)៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ជួបពិភាក្សាការងារជាមួយ លោក Paul Leduc ប្រធានផ្នែកប្រតិបត្តិការឧទ្យានបច្ចេកវិទ្យា “Technoparc Montréal” ។

ឧទ្យានបច្ចេកវិទ្យានេះមានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Montréal–Trudeau (YUL) ស្ថិតនៅក្នុងខណ្ឌសង់ឡូរ៉ង់ (Saint-Laurent) ក្រុងម៉ុងត្រេអាល់ ខេត្តគេប៊ិច ប្រទេសកាណាដា។

ជំនួបនាឱកាសនេះមានគោលបំណងយុទ្ធសាស្ត្រក្នុងការសិក្សាស្វែងយល់ដោយផ្ទាល់ពី គំរូនៃការគ្រប់គ្រងឧទ្យានបច្ចេកវិទ្យា និងការអភិវឌ្ឍចង្កោមឧស្សាហកម្ម (Industry Clusters) ដ៏ជោគជ័យរបស់កាណាដា ជាពិសេសក្នុងវិស័យអវកាសយាន(Aerospace) និងបច្ចេកវិទ្យាទំនើប។

កិច្ចពិភាក្សានេះគឺជាឱកាសផងដែរ នៃការស្វែងរកភាពជាដៃគូ តាមរយៈការពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយឧទ្យានបច្ចេកវិទ្យានេះ ដែលបានអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃនិរន្តរភាព (Sustainability) សំដៅចែករំលែកបទពិសោធក្នុងការរៀបចំ ក៏ដូចជាទាក់ទាញការវិនិយោគបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ចូលមកកម្ពូជា ស្របតាមច្បាប់វិនិយោគថ្មី និងការពង្រឹងគុណភាពធនធានមនុស្ស តាមរយៈការសិក្សាពីតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីកែលម្អកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ឆ្លើយតបនឹងការរីកចម្រើននៃឧស្សាហកម្ម៤.០៕ ផ្ដល់សិទ្ធិដោយ៖ Freshnews