តារាចម្រៀងកំពូលពិភពលោកជនជាតិអ៉ីតាលី នឹងមកប្រគំតន្រ្តីនៅប្រទេសកម្ពុជា
(អង់គ្លេស)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited លើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ គឺលោក Andrea Bocelli នៅព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញលោក Andrea Primicerio និងក្រុមការងារ មកពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត កត្តាសុខសន្តិភាព សុវត្ថិភាពផ្តល់ដល់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍នៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






