ព័ត៌មានជាតិ November 9, 2025

សន្និសីទស្រូវ​អង្ករ​ពិភពលោក​អន្តរជាតិ​នាំ​វិស័យ​ស្រូវអង្ករ​កម្ពុជាទៅ​លើ​ឆាក​អន្តរជាតិ

Nisaiy KP

(ភ្នំពេញ)៖ សន្និសីទស្រូវ​អង្ករ​ពិភពលោក​អន្តរជាតិ​ (IWRC) ឆ្នាំ ២០២៥ ​ត្រូវបានបើកដំណើរការ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ស្រូវអង្ករ​សកលលោក។ ពិធី​បើក​ដំណើរការនេះ​ត្រូវ​បានអញ្ជើញជាអធិបតី​ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

សន្និសីទ​រយៈពេល ៣ ថ្ងៃ​នេះ ​ផ្ដល់​វេទិកា​មួយ​សម្រាប់​ពិភាក្សា​អំពី​ទស្សនវិស័យ​ពាណិជ្ជកម្ម និង​ការ​ផលិតស្រូវ​អង្ករ រួម​ទាំង​ការ​ផ្លាស់ប្តូរ​ថ្មីៗ​នៅ​ក្នុង​ទីផ្សារ​ស្រូវអង្ករ​សកល ផលប៉ះពាល់​ពីការរំខានក្នុង​ពាណិជ្ជកម្ម និង​គោលនយោបាយ​នានា​ ដើម្បី​គាំទ្រ​ដល់​វិស័យ​ស្រូវអង្ករ​ឱ្យ​កាន់តែ​រឹងមាំ។ លើស​ពី​នេះ វេទិកានេះ​នឹងផ្តល់​ឱកាស​ពិភាក្សា​អំពី​​​​​​បច្ចេកវិទ្យា​កសិកម្ម និង​វិធីសាស្ត្រ​ឆ្ពោះ​ទៅ​រក​និរន្តរភាព​ផង​ដែរ។

ព្រឹត្តិការណ៍​នេះ​បាន​ប្រមូលផ្តុំ​អ្នក​ផលិតអង្ករ អ្នក​ជំនួញ និង​អ្នក​ជំនាញ​ស្រូវអង្ករកំពូលៗ ​មកពី​ជុំវិញ​ពិភពលោក ហើយក៏នឹងមាន​ការ​ប្រគល់​ពានរង្វាន់ “អង្ករ​ល្អ​ដាច់គេ​ពិភពលោក” ផងដែរ។ រង្វាន់នេះ ​កម្ពុជា​ធ្លាប់​ឈ្នះ​ ​រួច​មក​ហើយ​ចំនួន ៦ ដង សម្រាប់​ពូជ​អង្ករ «ម្លិះ​អង្គរ»។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «មួយក្នុងចំណោមគោលដៅសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម គឺជំរុញការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែរីកចម្រើន ជាពិសេសអង្ករក្រអូបប្រណិតដែលទទួលបានការគាំទ្រ និងការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដូចជាអង្ករផ្ការំដួល និងអង្ករសែនក្រអូប។ ការខិតខំប្រឹងប្រែងនេះ ត្រូវបានអនុវត្តតាមរយៈកម្មវិធីជំរុញពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់កិត្តិនាមអង្ករកម្ពុជា ឱ្យកាន់តែរឹងមាំទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ។ ក្នុងនាមជាម្ចាស់ផ្ទះសម្របសម្រួលសន្និសីទអន្តរជាតិស្តីពីស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា សរបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អង្ករដែលមានគុណភាពល្អ សុវត្ថិភាព ពោរពេញទៅដោយអាហារូបត្ថម្ភ និងប្រកបដោយនិរន្តរភាពទៅកាន់ពិភពលោក។ ជាមួយគ្នានេះដែរ កម្ពុជានឹងបន្តរួមចំណែកគាំទ្រការធានាសន្តិសុខស្បៀងសកល និងលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់ទូទាំងពិភពលោកអោយកាន់តែប្រសើរឡើង។»

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ថា៖ «អូស្ត្រាលី​បាន​គាំទ្រ​ដល់​វិស័យស្រូវ​អង្ករ​កម្ពុជា ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មក​ហើយ។ តាមរយៈ​កិច្ចសហការ​ជាមួយរាជ​រដ្ឋាភិបាល និង​ធុរកិច្ច​កសិកម្ម​កម្ពុជា អូស្ត្រាលី​កំពុង​ជួយ​កម្ពុជា​លើការបង្កើនសមត្ថភាព​កែច្នៃ​ក្នុង​ស្រុក បើក​ទីផ្សារ​នាំចេញ​ថ្មីៗ និង​លើកកម្ពស់​ការ​អនុវត្ត​ផលិតកម្ម​ប្រកប​ដោយ​និរន្តរភាព និង​ភាពធន់​ទៅនឹង​បម្រែបម្រួលអាកាសធាតុ។ អូស្ត្រាលី​រីករាយ​ក្នុង​ការ​គាំទ្រ សន្និសីទស្រូវ​អង្ករ​ពិភពលោក​អន្តរជាតិ​ ឆ្នាំ ២០២៥ នេះ និង បន្តកិច្ចសហការជាមួយ​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុងបន្តកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការទទួលស្គាល់ និង​កេរ្តិ៍ឈ្មោះ​អង្ករ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ»។

លោក Jeremy Zwinger ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ The Rice Trader (TRT) និង​ជា​អ្នក​រៀបចំ​សន្និសីទស្រូវ​អង្ករ​ពិភពលោក បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ជំនឿយ៉ាង​មុតមាំ​លើ​ភាព​ធន់ និង​អនាគត​ដ៏​ភ្លឺស្វាង​របស់​ប្រជាជន​កម្ពុជា ដោយស្រូវ​អង្ករ​បាន​ដើរតួ​នាទី​សំខាន់សម្រាប់​អនាគតនេះ។ យើង​ពិតជា​មាន​កិត្តិយស និងការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់ដែល​បាន​រៀបចំ​សន្និសីទ​នេះ​ដោយ​សហការ​ជាមួយរាជ​រដ្ឋាភិបាល​កម្ពុជា»។

ឧកញ៉ា​ ឡាយ ឈុនហួ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ « IWRC25 គឺជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ស្រូវអង្ករ ដោយ​ផ្តល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បានជួបជុំ​គ្នា ចែករំលែកបទពិសោធន៍ និង​ទទួល​បាន​ចំណេះដឹង​អំពី​និន្នាការប្រែប្រួលនៃវិស័យ​ស្រូវអង្ករ​ក្នុង​តំបន់ និង​អន្តរជាតិ ​ព្រមទាំង​បច្ចេកវិទ្យា ហិរញ្ញវត្ថុ ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ពូជ​ស្រូវ។ សន្និសីទឆ្នាំ ២០២៥ នៅ​កម្ពុជា​នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​គ្រប់គ្នា​ក្នុងការ​ស្វែងយល់​អំពី​ការ​អភិវឌ្ឍ​វិស័យស្រូវ​អង្ករ​នៅ​កម្ពុជា ព្រមទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជាផងដែរ»។

សន្និសីទឆ្នាំ ២០២៥ ត្រូវ​បាន​រៀបចំ​ដោយ TRT និង​សហការ​រៀបចំ​ដោយ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​នឹង​ការ​គាំទ្រ​ពី​អូស្ត្រាលី​តាមរយៈ​កម្មវិធី ភាពជា​ដៃគូ​អូស្ត្រាលី​កម្ពុជា​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់ (CAPRED) និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ព្រឹត្តិការណ៍​នេះ​រំពឹង​ថា​ នឹង​ទាក់ទាញ​អ្នកចូលរួម​ជាង ៥០០ នាក់ រួម​មាន​ អ្នក​ផលិតកែច្នៃស្រូវអង្ករ ក្រុមហ៊ុន​នាំចេញ អ្នកស្រាវជ្រាវ អ្នក​ធ្វើ​គោលនយោបាយ និង​ដៃគូ​អភិវឌ្ឍន៍នៃ​ខ្សែច្រវាក់​តម្លៃ​ស្រូវអង្ករ។

សន្និសីទ​នេះ​មាន​ស្តង់​ពិព័រណ៍​ចំនួន ១៨ ដែល​ក្រុមហ៊ុន​ឯកជន និង​ធុរកិច្ច​កសិកម្ម​ បាន​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល សេវាកម្ម និង​ការ​ច្នៃប្រឌិតជាច្រើនប្រភេទ ចាប់ពី​ពូជ​អង្ករ​គុណភាព​ខ្ពស់ ​រហូត​ដល់​បច្ចេកវិទ្យា​ទំនើប។ ពិព័រណ៍​នេះ ​ផ្ដល់​ឱកាស​ពិសេស​សម្រាប់​អ្នកចូលរួម​ ក្នុង​ការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំកំពូលៗផ្នែក​ឧស្សាហកម្ម ដើម្បីស្វែងយល់​ពី​ដំណោះស្រាយសម្រាប់ទីផ្សារ និង​ជំរុញ​ភាពជា​ដៃគូ​ពាណិជ្ជកម្មថ្មីៗ។

ព្រឹត្តិការណ៍​នេះ​ក៏ទទួល​បានការ​គាំទ្រ​ពី​ក្រុមហ៊ុន​ដូច​ខាងក្រោម៖ Golden Orient Ship Management and Agencies Inc, St 25 Rice, City Rice Import Export Co. Ltd, Yasar, Battambang Rice Investment Co. Ltd, Reap, AgriSea និង Absortech៕ ផ្ដល់សិទ្ធិដោយ៖ Freshnews