ព័ត៌មានជាតិ November 19, 2025

សង្ឃប្រកាស៖ គណៈសង្ឃថ្នាក់ជាតិ នឹងរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដក រៀងរាល់ ៥ឆ្នាំម្តង

Liny Chan

(ភ្នំពេញ)៖ គម្ពីរព្រះត្រៃបិដក គឺជាទីប្រជុំចុះនៃពុទ្ធវចនៈដែលពុទ្ធសាសនិកសិក្សាស្រាវជ្រាវ យកមកបដិបត្តិក្នុងវិថីជីវិតប្រចាំថ្ងៃ។ ដើម្បីអភិរក្សរក្សាពុទ្ធវចនៈ ឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង គណៈសង្ឃថ្នាក់ជាតិ នឹងរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ ៥ឆ្នាំម្តង (ក្នុង៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ។

នេះបើយោងតាមសង្ឃប្រកាស​ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣​ នៃគណៈសង្ឃព្រះពុទ្ធសាសនា​រដ្ឋ​នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

សង្ឃប្រកាស បានបញ្ជាក់យ៉ាងដូច្នេះថា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងធម្មការនិងសាសនារៀបចំ ដូច្នេះដើម្បីអភិរក្សរក្សាពុទ្ធវចនៈឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង កាលបរិច្ឆេទនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកដូចខាងក្រោម៖

*ក៖ គណៈសង្ឃថ្នាក់ជាតិរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ ៥ឆ្នាំម្តង (ក្នុង៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយកំណត់ទីតាំងណាមួយសមស្រប សម្រាប់សូត្រស្វាធ្យាយព្រះត្រៃបិដក។

*ខ៖ គណៈសង្ឃថ្នាក់ជាតិប្រគល់សិទ្ធិ និងតួនាទីជូនដល់គណៈសង្ឃថ្នាក់មូលដ្ឋាននិងមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត សូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ឆ្នាំ (ក្នុង១ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយប្រមូលផ្តុំ៥ខេត្តសម្រាប់មួយក្រុម ដើម្បីទ្រទ្រង់ដំណើរការនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកនេះ ឱ្យបានជោគជ័យនិងប្រសិទ្ធភាព។ ចំពោះទីតាំងនៃការសូត្រស្វាធ្យាយរៀងរាល់ឆ្នាំ អាស្រ័យទៅលើការសម្រេចរបស់ខេត្តទាំង៥ ព្រមព្រៀងគ្នាប្រកបដោយមហាកុសលខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News