កម្ពុជា ជំរុញឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គោរពក្រមប្រតិបត្តិ និងឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន
(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានជំរុញនិងលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាប៊ន បន្តគោរពក្រមប្រតិបត្តិ និងឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះស្ថានការណ៍បន្ទាន់ ដែលប៉ះពាល់ដល់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានកោតសរសើរចំពោះសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាប៊ន។ ទោះជាយ៉ាងណា ស្ថានបេសកកម្មកត់សម្គាល់ឃើញថា សេចក្តីប្រកាសព័ត៌មាននេះពុំបានផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិ មនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែនឡើយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានកត់សម្គាល់យ៉ាងដូច្នេះថា៖
១៖ សេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក មុនតាប៊ន ទាក់ទងនឹងជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តកើតមានឡើងរវាងកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែនត្រូវ បានចេញផ្សាយ បន្ទាប់ពីមានការព្រួយបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងភាពចាំបាច់ ដែលតម្រូវឱ្យអ្នករាយការណ៍ពិសេសមានសកម្មភាពទាន់ពេលវេលា ជុំវិញការរាយការណ៍អំពីការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ដែលកើតមានឡើងពីស្ថានការណ៍នេះ។
២៖ ខណៈដែលកម្ពុជាកោតសរសើរចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈនេះ កម្ពុជាយល់ឃើញថា ភាពធ្ងន់ធ្ងរ និងភាពជាក់លាក់នៃបញ្ហាដែលបានលើកឡើង ទាំងនៅចំពោះមុខអ្នករាយការណ៍ពិសេស និងនៅក្នុងវេទិកាអន្តរជាតិនានា រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរនោះ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងផ្តោតសំខាន់ច្រើនជាងនេះ។ ការបញ្ចេញមតិយោបល់ជាលក្ខណៈទូទៅ និងទូលំទូលាយបែបនេះ ពុំបានឆ្លុះបញ្ចាំង ពេញលេញ ស្របតាមព័ត៌មានដែលបានចងក្រង ឬហានិភ័យចំពោះមុខដែលប្រជាជន ស៊ីវិលរងផលប៉ះពាល់នោះទេ។
៣៖ កម្ពុជាសូមរំលឹកថា ស្តង់ដានៃឯករាជ្យភាព ភាពមិនលម្អៀង ការប្រកាន់វិជ្ជាជីវៈ និងការ យកចិត្តទុកដាក់ត្រឹមត្រូវ ដែលជាមាគ៌ាណែនាំចំពោះការអនុវត្តនៅក្នុងប្រព័ន្ធនីតិវិធី ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានកំណត់នៅក្នុងក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិ (សេចក្តីសម្រេចលេខ ៥/២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស)។
ក្រមប្រតិបត្តិនេះ តម្រូវឱ្យអ្នកកាន់អាណត្តិធានាថា កិច្ចអន្តរាគមន៍របស់ពួកគេត្រូវមានលក្ខណៈមិនលម្អៀង ត្រឹមត្រូវ និងជាក់លាក់ ហើយពួកគេត្រូវផ្តល់ការពិចារណាត្រឹមត្រូវ និងពិតប្រាកដចំពោះ ព័ត៌មានដែលផ្តល់ជូនដោយរដ្ឋពាក់ព័ន្ធទាំងអស់។
កម្ពុជាកត់សម្គាល់ថា ភស្តុតាង និងការ ព្រួយបារម្ភផ្នែកច្បាប់ ដែលបានផ្តល់ទៅអ្នកកាន់អាណត្តិជាបន្តបន្ទាប់ មិនទាន់ទទួលបាន ការយកចិត្តទុកដាក់សមស្របនៅឡើយទេ ហើយសង្ឃឹមថា ការចូលរួមនៅពេលអនាគត នឹងមានភាពច្បាស់លាស់ តម្លាភាព និងការប្តេជ្ញាចិត្តខ្ពស់ជាងនេះ ក្នុងកម្រិតដែលអ្នកកាន់ អាណត្តិត្រូវមាន។
៤៖ ដោយមើលឃើញពីហានិភ័យធ្ងន់ធ្ងរដែលប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែន កំពុងប្រឈមមុខនៅពេលបច្ចុប្បន្ន កម្ពុជាជឿជាក់ថា ការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយបន្ថែម ទៀតនឹងរួមចំណែកធំធេងក្នុងការដោះស្រាយស្ថានការណ៍នេះ។ ការចូលរួមដោះស្រាយបញ្ហាដោយបើកចំហ និងស៊ីជម្រៅពីសំណាក់អ្នករាយការណ៍ពិសេសនៅតែមានសារៈសំខាន់។ អាស្រ័យហេតុនេះ កម្ពុជាសង្ឃឹមថា លោក មុនតាប៊ន នឹងបន្តប្រកាន់ខ្ជាប់ចំពោះ ក្រមប្រតិបត្តិ និងធ្វើការពិចារណាដោយប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភដែលកើតមានឡើង ក្នុងន័យចូលរួមពង្រឹងសុចរិតភាពនៃប្រព័ន្ធនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
យោងតាមចំណុចដែលបានលើកឡើងខាងលើ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា លើកទឹកចិត្តឱ្យ លោក វីទីត មុនតាប៊ន បន្តគោរពក្រមប្រតិបត្តិ និងឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះស្ថានការណ៍បន្ទាន់ដែលប៉ះពាល់ដល់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែន។ កម្ពុជា បន្តប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្ថាបនាជាមួយនឹងយន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងទន្ទឹងរង់ចាំឱ្យមានការចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅ ចំពោះការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សដែលមានឡើងពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


