ព័ត៌មានជាតិ November 30, 2025

កម្លាំង​កង​រាជ​អាវុធហត្ថ​ ឆ្មក់បង្រ្កាប​ករណី​សារធាតុខុសច្បាប់​នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនល្មើសម្នាក់ ដកហូតសារធាតុខុសច្បាប់មួយចំនួន និងកាំភ្លើ.ងខ្លី ២ដើម

Nisaiy KP

(កំពង់ស្ពឺ)៖ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានសហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​តាកែវ​​ ឆ្មក់បង្រ្កាប​ករណី​គ្រឿងញៀន​ និងបានចុះឆែកឆេលំនៅដ្ឋាជនសង្ស័យ​ដែលជាកម្មកររោងចក្រម្នាក់ បានរកឃើញកាំភ្លើងខ្លីចំនួន ២ដេីម​​​​​ រថយន្ត​ពីរគ្រឿង និងម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន​ ព្រមទាំង​វត្ថុ​តាង​មួយចំនួន​ទៀត។

ប្រតិបត្តិការនេះធ្វើឡើងតាម​ការ​ចង្អុល​បង្ហាញ​តម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ និងមានការណែនាំ​​ដោយផ្ទាល់​ពីសំណាក់​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ​​​និង​មាន​ការសម្រប​សម្រួល​នីតិវិធី​ពី​ លោក សុិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ​ និង​ លោក ឯក សេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

កាលពីវេលាម៉ោង​ ៦:៥០នាទីព្រឹក​ នាថ្ងៃទី២៩​ ខែវិច្ចិកា​ ឆ្នាំ២០២៥​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ដឹកនាំដោយ​​​​ លោក​វរសេនីយ៍ត្រី​ ស៊ូ​ ប៊ុនរឿន​ បានសហការជាមួយ​​ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ​ ដឹកនាំដោយ​​ លោក​អនុសេនីយ៍​ឯក​ ជួន​ តូរៈនៈ​ បានឆ្មក់ចុះឆែកឆេលំនៅដ្ឋានជនសង្ស័យឈ្មោះ​ សែម​ រក្សា​ ភេទស្រី​ អាយុ​២៣ឆ្នាំ​ មុខរបរ​កម្មកររោងចក្រ​ រស់នៅភូមិត្មាតលេង​ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថ​បានរកឃេីញវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា០៣កញ្ចក់ធំ សង្ស័យថាជាសារធាតុញៀន,រថយន្ត​ចំនួន០២គ្រឿង​,ម៉ូតូចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០១គ្រឿង,កាំភ្លើងខ្លីចំនួន០២ដេីម,បង់ចំនួន០៣(១៨១គ្រាប់)​ និងសម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត។

បច្ចុប្បន្ន​ និងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថស្រុកបសេដ្ឋ​ ប្រគល់ជូនទៅ កម្លាំង​កងរាជអាវុធហត្ថខេត្តតាកែវ​ ដេីម្បីចាត់ការតាមនីតីវិធីបន្ត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews