លោក ហេង រតនា៖ មេដឹកនាំគ្មានសភាសៀម មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយ សូម្បីប្រធានាធិបតី ដូណាល់ ត្រាំ, ពិភពលោកយល់ច្បាស់ ពីទង្វើឈ្លានពានកម្ពុជា
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា មេដឹកនាំគ្មានសភាសៀម មិនបានស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយដូចជា UN, ASEAN ដោយរួមទាំងការអំពាវនាវ និងការលះបង់ចូលរួមរបស់លោក ប្រធានាធិបតី Donald J. Trump ផ្ទាល់ផងដែរ ទង្វើនេះបានបង្ហាញឱ្យពិភពលោកអាចយល់ដឹងបានគ្រប់គ្រាន់ហើយ ពីអំពើសៀមឈ្លានពានមកលើកម្ពុជា។

លោក ហេង រតនា បានសរសេរដូច្នេះថា៖ «ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមសំដែងនូវអំណរគុណ ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានខិតខំលះបង់ និងជំរុញឱ្យមានការគោរពដល់ស្មារតីសន្តិភាពដែលមានស្រាប់។
ជាមួយនេះឯកឧត្តមប្រធានាធបតី ក៏បានបញ្ជាក់ការពិតខ្លីពីបញ្ហាគ្រោះថ្នាក់មីនរបស់ទាហានសៀមនានាកន្លងមកជា «ឧបទ្ទេវហេតុ»» ប៉ុន្តែពួកមេដឹកនាំចោរឈ្លានពានសៀម ឆ្លើយតបវិញថា មិនអាចទទួលបានឡើយ ហើយអ្វីដែលពួកចោរឈ្លានពាន បែរជាអាចទទួលបាន «ចំពោះការសម្លាប់ជនកម្ពុជាមិនរើសមុខ រួមមានទារក ក្មេងៗ ប្រជាជន និងអាចារ្យវត្តជាដើម» សម្រាប់ប្រជាជនកម្ពុជានរណាៗក៏បានយល់ដឹងច្បាស់ថា បញ្ហាផ្ទុះគ្រាប់មីនគ្រាន់តែជាយុទ្ធសាស្ត្រ និងឧបាយកលប្រើកម្លាំងធ្វើសង្គ្រាមឈ្លានពាន និងកាន់កាប់បូរណភាពទឹកកម្ពុជាទាំងកំរោល និងសំដែងក្លែងខ្លួនជាតួអង្គជាអ្នកគោរពច្បាប់អន្តរជាតិល្អគ្មានពីរប៉ុណ្ណោះ។
យើងទាំងអស់គ្នា មិនពិបាកយល់ទេ ប្រសិនជាចោរឈ្លានពានពិតជាអ្នកគោរពច្បាប់អន្តរជាតិយ៉ាងល្អពិតប្រាកដមែននោះ ហេតុអីពួកគេបំពានអនុសញ្ញាអន្តរជាតិជាច្រើន ដូចជាអនុសញ្ញាការហាមឃាត់ប្រើប្រាស់អាវុធគីមី អនុសញ្ញាការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម សន្ធិសញ្ញា/អនុសញ្ញាស្តីពីការកំណត់ព្រំដែនកម្ពុជា-សៀម និងអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ការការពារជនស៉ីវិលពេលមានសង្គ្រាម ជាដើម។ល។
ហើយថ្មីៗចុងក្រោយនេះ មេដឹកនាំគ្មានសភាសៀមនេះ មិនស្តាប់តាមស្មារតីអំពាវនាវឱ្យមានសន្តិភាពរបស់អន្តរជាតិណាឡើយដូចជា UN, ASEAN ដោយរួមទាំងការអំពាវនាវ និងការលះបង់ចូលរួមរបស់ ឯកឧត្តម ប្រធានាធិបតី Donald J. Trump ផ្ទាល់ផងដែរ។ ទន្ទឹងនឹងនេះ ពួកគេបានទាមទារឱ្យកម្ពុជាដាក់អាវុធ ដកកម្លាំងប្រយុទ្ធ និងសុំចរចារជាមួយសៀមផ្ទាល់ ដែលវិញ្ញាសារសាមញ្ញៗបែបនេះ មនុស្សម្នាលើពិភពលោកនេះ អាចយល់ដឹងបានគ្រប់គ្រាន់ហើយ ពីអស់លោកមេដឹកនាំសៀមឈ្លានពាននេះ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews








