ព័ត៌មានជាតិ December 28, 2025

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការ«ផ្លូវថ្មើរជើងចតុមុខ»រយៈពេល០៣ថ្ងៃ អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៦ ស្របពេលរាជធានីភ្នំពេញត្រូវបានចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយ

Nisaiy KP

(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័តមាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជាធម្មតា «ផ្លូវថ្មើរជើងចតុមុខ» រយៈពេល ០៣ថ្ងៃ គឺនៅ ថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី០១ – ០២ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ អមដោយការដាក់តាំងលក់ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផ្ទាំងទស្សនីយ៍ភាពសិល្បៈបុរាណ-សម័យចំរុះជាច្រើន ខណៈ រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោក។


អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យដំណើរការជាធម្មតា «ផ្លូវថ្មើរជើងចតុមុខ» រយៈពេល ០៣ថ្ងៃនេះ គឺដើម្បីជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញឱ្យកាន់តែរស់រវើក ស្របពេលដែលពិភពលោកទាំងមូលនឹងរៀបចំទទួលអំណរសាទរ ឆ្នាំថ្មី ឆ្នាំសកល ២០២៦ នាពេលខាងមុននេះ។

ការបើកឱ្យដំណើរការជាធម្មតានូវ ផ្លូវថ្មើរជើងចតុមុខ នេះក៏ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែល រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោក៖ https://www.bbc.com/travel/article/ 20251209-the-20-best-places-to-travel-in-2026 ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews