ស្នងការនគរបាលរាជធានីភ្នំពេញណែនាំនគរបាលខណ្ឌទាំង១៤ បង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាត ដោយមិនដកដៃឡើយ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអធិការនគរបាលខណ្ឌទាំង១៤ ត្រូវប្តេជ្ញាបន្តដឹកនាំបង្ការ និងស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងឱ្យបានជាដាច់ខាតដោយមិនដកដៃឡើយ ព្រោះបញ្ហាក្មេងទំនើងបានបង្កការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។
ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា លើកទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពិធីបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១២រូប នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានជំរុញកម្លាំងក្រោមឱវាទបន្តយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងអនុវត្តវិធានការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើវិធានការជំនាញ និងច្បាប់ដោយម៉ឺងម៉ាត់ ដើម្បីជាការឆ្លើយតបទៅនឹងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុវត្តអនុក្រឹត្យ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕


ប្រភព៖ ក្រសួងព័ត៌មាន