ផ្ទុះការគាំទ្រខ្លាំង! GANZBERG Run for Unity មានអ្នកចុះឈ្មោះជាង ៦,៦០០នាក់ ក្នុងរយៈពេលត្រឹម ២ថ្ងៃ
ខេត្តព្រះសីហនុ – ព្រឹត្តិការណ៍រត់ប្រណាំង GANZBERG Run for Unity ដែលរៀបចំឡើងក្រោមខ្លឹមសារ «រត់ដើម្បីក្តីស្រលាញ់ រត់ដើម្បីទេសចរណ៍ និងរត់ដើម្បីសប្បុរសធម៌» កំពុងទទួលបានការគាំទ្រយ៉ាងកក្រើកពីសាធារណជន។ ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃ បន្ទាប់ពីបើកការចុះឈ្មោះ ចំនួនអ្នកចូលរួមបានកើនឡើងដល់ជាង ៦,៦០០នាក់ ដែលលើសពីការរំពឹងទុក។
គណៈកម្មាធិការរៀបចំបានបញ្ជាក់ថា ដោយផ្អែកលើល្បឿននៃការចុះឈ្មោះបច្ចុប្បន្ន ចំនួនអ្នកចូលរួមអាចនឹងកើនដល់ចន្លោះពី ១០,០០០ ដល់ ១៥,០០០នាក់ នៅថ្ងៃព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅក្រុងព្រះសីហនុ។
ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការរស់នៅមានសុខភាពល្អ បង្កើនសាមគ្គីភាពសង្គម ជំរុញវិស័យទេសចរណ៍តំបន់ឆ្នេរ និងរួមចំណែកគាំទ្រការងារសប្បុរសធម៌។ កម្មវិធីត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមហ៊ុន Ganzberg និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យ និងជំរុញភាពរួមគ្នារបស់សហគមន៍៕




