Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ប្រាប់សារព័ត៌មាន Foxnews ថា ថៃបានបំពានកាន់កាប់ទឹកដីកម្ពុជាលើសពីផែនទីឯកតោភាគីរបស់ខ្លួន ដែលរារាំងជនស៊ីវិលជាច្រើននាក់មិនអាចទៅផ្ទះវិញបាន

    BY Liny Chan February 20, 2026
    សម្តេចធិបតី ប្រាប់សារព័ត៌មាន Foxnews ថា ថៃបានបំពានកាន់កាប់ទឹកដីកម្ពុជាលើសពីផែនទីឯកតោភាគីរបស់ខ្លួន ដែលរារាំងជនស៊ីវិលជាច្រើននាក់មិនអាចទៅផ្ទះវិញបាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា “កងកម្លាំងថៃបានឈ្លានពានចូល និងកាន់កាប់ទឹកដីក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីខ្សែបន្ទាត់នៃជម្លោះ និងផែនទីឯកតោភាគីរបស់ខ្លួនទៅទៀត ដោយការបិទផ្លូវចូលភូមិតាមរយៈការរាយលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះ និងភូមិឋានរបស់ពួកគាត់វិញបាន”។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

    សម្តេចធិបតី បានបន្ថែមផងដែរថា៖ «យើង​ជំរុញ​ឱ្យ​ប្រទេស​ថៃ​អនុញ្ញាត​ឱ្យ​ប្រជាជន​របស់​យើង​ត្រឡប់​ទៅ​វិញ ហើយ​ក៏​ចាប់​ផ្តើម​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​កម្ពុជា​តាម​រយៈ​យន្តការ​រួម​ដែល​យើង​ទាំង​ពីរ​យល់​ព្រមជាមួយគ្នា»។

    សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ (២៤-២៨ កក្កដា ២០២៥) និងលើកទី២ រយៈពេល២០ថ្ងៃ (៧-២៧ ធ្នូ ២០២៥)។

    ជាមួយគ្នានេះ ថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

    កងកម្លាំងឈ្លានពានថៃក៏បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: