រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពង្រីកបណ្តាញទឹកស្អាតបន្ថែមចំនួន ៣៩៩គីឡូម៉ែត្រ និងបង្កើនសេវាគ្របដណ្តប់ដល់ ៩២% ក្នុងឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញទឹកស្អាតបន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រនៅក្នុងឆ្នាំ២០២៥ បង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាជីវកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “សមិទ្ធផលទាំងនេះគឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈរ និងជាមោទនភាពរបស់អង្គភាព និងបុគ្គលិកគ្រប់លំដាប់ថ្នាក់។” បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង៥៣ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដើម្បីធានានិរន្តរភាពរយៈពេលវែង តាមរយៈការពង្រីកការលក់ទឹកដុំទៅតំបន់សក្តានុពលសេដ្ឋកិច្ច, ពន្លឿនការពង្រីកបណ្តាញដើម្បីឱ្យប្រជាជន ១០០% ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់យ៉ាងយូរត្រឹមឆ្នាំ២០២៨, និងត្រួតពិនិត្យឡើងវិញនូវការផ្តល់សេវាដោយភាគីទីបី។
ឯកឧត្តមក៏បានជំរុញការបន្តធ្វើសវនកម្មថាមពលក្នុងដំណើរការផលិតកម្ម ការពង្រឹងទំនើបកម្មស្ថាប័ន និងការកាត់បន្ថយអត្រាទឹកគ្មានចំណូល ដោយលើកឡើងថា៖ “ការកាត់បន្ថយបាន ១% គឺស្មើនឹងបង្កើនចំណូលបាន ១លានដុល្លារ។” ចំពោះសន្តិសុខសាយប័រ និងការការពារប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ ឯកឧត្តមបានណែនាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធានាឱ្យបាននូវនិរន្តរភាពប្រតិបត្តិការ ដោយសង្កត់ធ្ងន់ថា ទឹកស្អាតគឺជាសេវា សាធារណៈដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច។
អង្គសន្និបាតក៏រួមមានពិធីចុះហត្ថលេខាលើអនុស្សរណៈលើកិច្ចសហការផ្គត់ផ្គង់ទឹកដុំដល់ប្រតិបត្តិករស្អាតឯកជន និងការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្តល់សេវាតាមទូរសព្ទដៃ PPWSA Mobile App ដែលនឹងបន្តពង្រឹងការផ្តល់សេវា និងកៀរគរការចូលរួមពីអតិថិជន៕




ប្រភព៖ ក្រសួងព័ត៌មាន