Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ករណីបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ក.អ.ក. ​ទៅ​ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ

    BY Nisaiy KP February 22, 2026
    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ករណីបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ក.អ.ក. ​ទៅ​ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ

    (ភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ករណីបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ទៅ​ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

    ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន អាជ្ញាធរមានសមត្ថកិច្ច និងបណ្ដាញសារព័ត៌មាន មេត្តាជ្រាបថា៖ កន្លងទៅនេះ មានក្រុមជនខិលខូចបានបង្កើត​ក្រុម Telegram ឈ្មោះ «OCIC ក្រុមហ៊ុនវិនិយោគ» និងឈ្មោះប្រហាក់ប្រហែល ក្នុង​គោលបំណងបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យចូលក្នុងអន្ទាក់នៃការ​ឆបោក។

    ក្រុមនេះបានយករូបភាព និងឈ្មោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នក​ប្រើ​ប្រាស់បណ្តាញសង្គមដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយសម្រាប់​គាំទ្រ​សកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។

    គណនីទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថាការផ្ទេរប្រាក់​វិនិ​យោគ​ទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុងរយៈពេលខ្លី។ ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុង​អន្ទាក់នៃការ​ឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: