ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជំរុញឱ្យបន្តការបំផុស កីឡាតេក្វាន់ដូ WT ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត
តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូបានជំរុញឱ្យសមាជិកគណៈកម្មការសហព័ន្ធ និងគ្រប់ក្លឹបទូទាំងប្រទេសបន្តផ្សព្វផ្សាយ និងបំផុសដល់យុវជនឱ្យចូលរួមលេងកីឡាឱ្យបានកាន់តែច្រើន និងទូលំទូលាយបន្ថែមទៀត។
ការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងនៅសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានភ្នំពេញ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់សមាជិកក្លឹបកីឡាតេក្វាន់ដូWTទាំងអស់ ដែលបានចូលរួមក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦នេះ។ សកម្មភាពនេះជាការរួមចំណែកក្នុងការចែករម្លែកនូវបទពិសោធន៍ និងចំណេះដឹងបន្ថែមលើវិស័យកីឡាតេក្វាន់ដូWT នៅកម្ពុជា។ ប្រធានសហព័ន្ធបានស្នើសមាជិកគណៈកម្មាធិការប្រតិបត្តិ និងគ្រប់ក្លឹបកីឡាតេក្វាន់ដូWTទាំងអស់សហការជំរុញការផ្សព្វផ្សាយប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យបានទូលំទូលាយជាងមុន ពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដែលពុំទាន់មានដំណើរការល្អប្រសើរឱ្យមានសកម្មភាពផុសផុលឡើង ពីព្រោះថាកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព ជាពិសេសកុមារ និងយុវជន តាមរយៈការចូលរួមហ្វឹកហាត់កីឡាជាប្រចាំ ព្រោះវាអាចជួយឱ្យពួកគាត់ជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយកីឡាក៏អាចជួយបង្កើនសតិបញ្ញាស្មារតីរបស់ពួកគាត់ឱ្យកាន់តែល្អផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធបានជម្រាបជូនរបាយការណ៍ថា ការប្រឡងខ្សែក្រវាត់ខ្មៅដាន់ KUKKIWO ៦លើក នៅទូទាំងរាជធានី-ខេត្តមានចំនួន ២៧៣នាក់ ដោយខ្មៅ ១ដាន់ ២៣១នាក់ ខ្មៅ២ដាន់ ២៧នាក់ ខ្មៅ៣ដាន់ ៧នាក់ ខ្មៅ៤ដាន់ ៥នាក់ និងខ្មៅ៥ដាន់ ៣នាក់។ ក្លឹបស្នើសុំចូលជាសមាជិកមាន៩ក្លឹប (ភ្នំពេញ ៦ក្លឹប និងបាត់ដំបង ៣ក្លឹប) និងត្រៀមបង្កើនក្លឹបកីឡាតេក្វាន់ដូWT នៅតាមបណ្តាខេត្តមួយចំនួនទត។
ឯកឧត្តមអគ្គលេខាធិការបន្តថា គុណផលទទួលដែលទទួលបានរបស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូ គឺជាការរួមចំណែក និងខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាជិកក្លឹបកីឡាតេក្វាន់ដូWT ស្ថាប័ន/អង្គភាពរដ្ឋ និងឯកជន រួមទាំងអង្គការអន្តរជាតិនានា ទើបសហព័ន្ធអាចសម្រេចបានប្រកបដោយភាពជោគជ័យថែមមួយកម្រិតទៀត។
បន្ថែមពីលើនេះ អគ្គលេខាធិការអះអាងថា បើទោះបីជា ការអនុវត្តការងារនៅមានការខ្វះចន្លោះ ក៏គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូនឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីគោលដៅឆ្ពោះទៅកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមទាំងត្រៀមសម្រាប់ការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា ជាពិសេសគោលដៅចម្បងរបស់សហព័ន្ធ គឺ«ឆ្ពោះទៅការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ» នាពេលអនាគត៕


ប្រភព៖ ក្រសួងព័ត៌មាន