Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់

    BY Liny Chan February 23, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់

    ឆ្លៀតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់។

    តាមរយៈសំណេរ ក្នុងសារលិខិតប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ដែលបង្ហោះតាមបណ្ដាញសង្គមនៅថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា។

    ជាមួយគ្នានេះ អាជ្ញាធរមីន ត្រូវដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រតិបត្តិករជាតិ និងអន្តរជាតិ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន ដើម្បីបង្ការគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និងផ្តល់ដីសុវត្ថិភាពសម្រាប់ធ្វើស្រែចម្ការ កសាងលំនៅឋាន សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល ស្ពាន-ថ្នល់ ហើយជាពិសេសរួមចំណែកដល់ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការស្រាវជ្រាវ និងបោសសម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ការអប់រំអំពីគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះ។

    លើសពីនេះទៀត ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន សូមសហការជាមួយអាជ្ញាធរមីន និងបន្តគាំទ្រដល់សកម្មភាពខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ។

    សម្ដេចធិបតី ក៏បានលើកទឹកចិត្ត ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធ សូមចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ។

    ក្នុងសំណេរនោះ សម្ដេចធិបតី ក៏បានអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមអនុវត្ត ដូចខាងក្រោម៖ ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមកុំទៅជិត កុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។

    ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលជាអំពើខុសច្បាប់កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថា មានមីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាម។

    ឆ្លៀតក្នុងឱកាសនៃការប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ នេះផងដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សូមថ្វាយនិងប្រគេនពរសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងជូនពរ បងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់នៅទូទាំងប្រទេស សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: