បណ្តាអង្គទូត និងទីភ្នាក់ងារបរទេស អញ្ជើញពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦—លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំបណ្តាអង្គទូត និងទីភ្នាក់ងារបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីនេះ ភាគច្រើនមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ បន្ទាប់ពីសង្គ្រាមឈ្លានពាន ការរាយបន្លាលួសព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ពីសំណាក់កម្លាំងថៃ កាលពីពេលកន្លងមក។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅមានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅជំរំភៀសសឹក គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា” ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។
ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។








ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP