ករណីយុវតី ៣នាក់ ប្រព្រឹត្តអំពើហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ ផ្ទុះការវែកញែកក្នុងបណ្តាញសង្គម កំពុងតែកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីយុវតី ៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងពេញបណ្តាញសង្គម។
វីដេអូស្តីពីសកម្មភាព យុវតី ៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។
បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ”។
ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ យុវតីរងគ្រោះ អាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ១៣ឆ្នាំ ២នាក់, អាយុ១២ឆ្នាំ ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឲ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រី មកដាក់ពាក្យបណ្ដឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបណ្ដឹង មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញកិច្ចតាមនីតិវិធី ដោយធ្វើការកោះហៅភាគី ជនសង្ស័យទាំង ៣នាក់ រួមទាំងអាណាព្យាបាលមកសាកសួរអំពីរឿងហេតុ។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ភាគីជនសង្ស័យទាំង ៣នាក់ រួមទាំងអាណាព្យាបាល បានចូលខ្លួនមកឆ្លើយបំភ្លឺនិងសារភាពអំពីកំហុស។ ដោយហេតុថា យុវតីទាំង ៣នាក់ ដែលប្រព្រឹត្តហិង្សា ជាអនីតិជនអាយុក្រោម១៤ឆ្នាំ ច្បាប់មិនត្រូវបានអនុញ្ញាត ឱ្យឃាត់ខ្លួនឡើយ សមត្ថកិច្ចបានធ្វើការសម្របសម្រួលឲ្យគូរភាគីធ្វើការចចារគ្នាបញ្ចប់រឿង ប៉ុន្តែដោយការចរចារមិនត្រូវគ្នា និងដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជនសង្ស័យជាអនីតិជនទាំង០៣នាក់ ឲ្យទៅអាណាព្យាបាលធានាយកត្រលប់ទៅលំនៅដ្ឋានវិញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។ ដូច្នេះដើម្បីរក្សាភាពថ្លៃថ្នូរក្នុងសង្គម សូមមហាជនបញ្ចេញមតិ ដោយឈរលើគោលការណ៍ច្បាប់ គោលការណ៍សីលធម៌ សុជីវធម៌ ធានាការការពារសិទ្ធិនិងឧត្តមប្រយោជន៍របស់អនីតិជនក៏ដូចជាការពារផលប្រយោជន៍សង្គមនិងសហគមន៍ ដោយទុកលទ្ធភាពឲ្យតុលាការជាអ្នកកំណត់យុត្តិធម៌តាមវិធាន និងនីតិវិធីដោយហ្មត់ចត់៕

ប្រភព៖ Rath Sreang រ័ត្ន ស្រ៊ាង