ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីអាយុ៤៥ឆ្នាំម្នាក់ រស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីអាយុ៤៥ឆ្នាំម្នាក់ រស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ ម៉ឺន១ (H5N1) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមានការរាយការណ៍ អំពីករណីមាន់ ទាឈឺ និងងាប់នៅភូមិកើតហេតុខាងលើ។ នៅថ្ងៃដដែល អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ ដោយឡែកនៅមន្ទីរពេទ្យ និងទទួលការព្យាបាលដោយឱសថតាមីហ្គូ(Tamiflu) ព្រមទាំងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរ បានបង្ហាញថា អ្នកជំងឺមានចិញ្ចឹមមាន់ និងទាកាប៉ ដែលក្នុងនោះមានមាន់ឈឺ និងងាប់មួយចំនួន។ ៣ថ្ងៃមុនពេលរកឃើញវិជ្ជមាន គាត់បានប៉ះពាល់មាន់ងាប់នោះ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការ កើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតំហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕


ប្រភព៖ ក្រសួងសុខាភិបាល