ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា នឹងជួយអោយកសិផលមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការផ្ទេរកសិកម្មបែបប្រពៃណី ទៅជាកសិកម្មផ្អែកលើវិទ្យាសាស្ត្រ និងការស្រាវជ្រាវ ដែលនឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
ការងារនេះបានប្រកាសឡើងនៅក្នុងសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២៦ដោយបានប្រកាសអំពីការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជានៅពេលខាងមុខ ដែលពង្រឹងជំនាញបច្ចេកទេស និងសមត្ថភាពស្រាវជ្រាវ ដើម្បីបញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងការអនុវត្តកសិកម្ម ដោយជួយអោយភោគផលកម្ពុជាឱ្យមានលទ្ធភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាការបង្កើត «បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា» គឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រមូលផ្ដុំអ្នកស្រាវជ្រាវ និងធនធានមនុស្សដែលមានទេពកោសល្យនៅក្រោមដំបូលតែមួយ។ គោលបំណងសំខាន់គឺពង្រឹងការស្រាវជ្រាវ ការពិសោធន៍ និងអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម ធានាសន្តិសុខស្បៀង និងបង្កើនជីវភាពកសិករ។
យោងតាមព្រះរាជក្រឹត្យស្តីពីការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល កាលពី ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២៥ បានចែងអំពីភារកិច្ចរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជាថា កសាងផែនការយុទ្ធសាស្ត្រស្រាវជ្រាវដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មជាតិរយៈពេលខ្លី មធ្យម និងវែង ប្រកបដោយបរិយាបន្ន ភាពប្រកួតប្រជែង នវានុវត្តន៍ និងឆ្លើយតបការប្រែប្រួលអាកាសធាតុ ព្រមទាំង ផ្តល់សេវា ពិសោធវិភាគដើម្បីបញ្ជាក់សុខភាពរុក្ខជាតិ គុណភាពនិងសុវត្ថិភាពផលនិងផលិតផលកសិកម្ម គុណភាពនិងជីវសុវត្ថិភាពនៃធាតុចូលកសិកម្ម សុខភាពសត្វ គុណភាពផលិតផលសត្វ គុណភាពផល និងផលិតផលជលផល សុខភាពរុក្ខជាតិព្រៃនិងសត្វព្រៃ សុខភាពវារីជាតិ ភូតគាមអនាម័យនិងធ្វើវិភាគរកភ្នាក់ងារបង្កជំងឺសត្វនិងរុក្ខជាតិ សំណល់បសុឱសថ ថ្នាំកសិកម្ម និងជីកសិកម្ម។ល។
សូមបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិព្រែកព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

ប្រភព៖ ក្រសួងព័ត៌មាន