ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិ ស្របតាមស្តង់ដារអាស៊ាន
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ឱ្យទទួលបានគុណវុឌ្ឍិកាន់តែខ្ពស់ ព្រមទាំងបំពាក់បំប៉នចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) និងវិធីសាស្ត្រចងក្រងឯកសារមេរៀន និងការបង្រៀន ស្របតាមស្តង់ដាររួមអាស៊ាន ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់គ្រូបង្គោលប្រចាំសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌល សមាគម អង្គការ សណ្ឋាគារ និងអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ (National Assessors) សម្រាប់ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងក្លាយជាអ្នកវាយតម្លៃបង្គោលជាតិ ដែលអាចចូលរួមចំណែកក្នុងការវាយតម្លៃអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មសណ្ឋាគារ ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៧៨ ២៦២ ៤៥៦ និង ០៩៦៦ ២៦២ ៤៥៦ ឬចុះឈ្មោះតាមប្រព័ន្ធ QR Code ដូចមានក្នុងសេចក្តីជូនដំណឹង៕


ប្រភព៖ ក្រសួងព័ត៌មាន