Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីសុខាភិបាល៖ «វះកាត់បបូរមាត់ឆែប និងក្រអូមមាត់ ស្លឹកត្រចៀត ស្នាមរលាក និងខូចទ្រង់ទ្រាយមុខ មិនត្រឹមតែស្តារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការនាំត្រឡប់មកវិញនូវសេចក្តីថ្លៃថ្នូរ ទំនុកចិត្ត និងក្តីសង្ឃឹមដល់កុមារផងដែរ»

    BY Nisaiy KP March 22, 2026
    រដ្ឋមន្រ្តីសុខាភិបាល៖ «វះកាត់បបូរមាត់ឆែប និងក្រអូមមាត់ ស្លឹកត្រចៀត ស្នាមរលាក និងខូចទ្រង់ទ្រាយមុខ មិនត្រឹមតែស្តារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការនាំត្រឡប់មកវិញនូវសេចក្តីថ្លៃថ្នូរ ទំនុកចិត្ត និងក្តីសង្ឃឹមដល់កុមារផងដែរ»

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងពេលដែលឯកឧត្តមអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China ដែលកំពុងបំពេញបេសកកម្មវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

    កិច្ចសហប្រតិបត្តិការអង្គការ Future Smile China បាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយសុខាភិបាលកម្ពុជា ដោយបានផ្តល់ជំនួយធនធានសម្ភារបរិក្ខាសំខាន់ៗ រួមមានរថយន្តសង្គ្រោះ សម្ភារបរិក្ខារសង្រ្គោះបន្ទាន់ជាដើម។ កម្មវិធីនេះ មិនត្រឹមតែផ្តល់សេវាវះកាត់ និងថែទាំអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងការសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិក្នុងវិស័យសុខាភិបាល។

    សូមរំលេចដែរថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China បានចាប់ផ្តើមពីឆ្នាំ២០០៦ បានបន្តបេសកកម្មចំនួន ៧ដងមករួចមក។ រយៈពេលនៃបេសកកម្មលើកទី៨ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលមានគ្រូពេទ្យស្ម័គ្រចិត្តជាតិ អន្តរជាតិផ្សេងៗ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាវះកាត់ និងថែទាំអ្នកជំងឺ។ ក្នុងបេសកកម្មនេះ មានអ្នកជំងឺបានពិនិត្យសរុប ៣៥នាក់ ហើយបានអនុវត្តវះកាត់ចំនួន ២៦ករណី៕

    ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

    Share This Post: